ប៉ែកខាង [ ដងព្រែក & ទឹកឈូ ]

[ ឧបត្ថម្ភពួកយើង ABA 000152898 ]

          ព្រែកកំពង់បាយគឺជាសរសៃឈាមបេះដូងរបស់ខេត្ត និងជាកំណប់ទ្រព្យដ៏សំខាន់ដែលអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សាព្រែកនេះអោយមានសោភណ្ឌភាពស្រស់ត្រកាល អនាម័យល្អ និងគង់វង្សយូរអង្វែងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកំសាន្តកាន់តែច្រើនឡើងៗ។ ព្រែកកំពតបានរួមចំណែកយ៉ាងសំខាន់ក្នុងការលំអរក្រុងតារារៈនាទិសនារតីរបស់ប្រទេសកម្ពុជាមួយនេះឲ្យកាន់តែមានភាពទាក់ទាញ និងទទួលបានពានរង្វាន់ក្រុងស្អាតផ្ការំដួល៣ទងពីរឆ្នាំចុងក្រោយនេះ។ ពិសេសទៅទៀតនេះព្រែកកំពង់់បាយមានប្រយោជន៍ជាច្រើនដូចជាៈ ជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រជានេសាទភ្ជាប់ក្រុងកំពតទៅនឹងសមុទ្រ ទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាស់ ផ្សាររាត្រី ភោគជនីដ្ឋាន ផែរនេសាទសមុទ្រជាដើម... សិប្បកម្មផលិតទឹកត្រី រោងចក្រដេរស្បែកជើង និងកំពង់ផែរត្រូវបានសង់នៅតាមបណ្តោយដងព្រែក។ ព្រែកកំពង់បានមានសក្កដានុពលធំធេងណាស់សម្រាប់វិស័យទេសចរណ៍។ 

          ដោយឡែកចំពោះរមណីយដ្ឋានទឹកឈូឯនេះវិញគឺជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍ស្គាល់ច្រើនព្រោះជារមណីយដ្ឋានដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីរមណីយ៍ដ្ឋានភ្នំបូកគោ។ រមណីយ៍ដ្ឋានទឹកឈូជាតំបន់មានទឹកធ្លាក់ហូរកាត់តាមជ្រលងភ្នំកំចាយកាត់តាមដៃព្រែករហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្តកំពត។ រមណីយដ្ឋានដែលមានវ័ចំណាស់នេះ មានទឹកធ្លាក់ថ្លាឈ្វេងមើលឃើញដល់បាត មានទឹកហូររេញៗមិនចេះដាច់សូម្បីនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំបែកផ្កាត្រែង អាចឱ្យយើងហែលលេងយ៉ាងសប្បាយរីករាយ និងមានកញ្ចុះជាច្រើន ដែលសន្ធឹងខ្លួនរងចាំភ្ញៀវទេសចរទៅសម្រាកលំហែរកាយ ព្រមទាំងមានអាហារដ៏មានឱជារសជាច្រើនមុខ។ ក្រៅពីនោះយើងក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែជាច្រើនមុខរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះនៅអមសងខាងផ្លូវផងដែរ ជាពិសេសចម្ការទុរេន ជាដំណាំដ៏ល្បីល្បាញរបស់ខេត្តមួយនេះ។ លើសពីនេះទៅទៀតមិនឆ្ងាយពីទីនេះប៉ុន្មានគឺសំបូរទៅដោយកន្លែងកំសាន្តជាច្រើនដែលកំពុងអន្ទងអារម្មណ៍ភ្ញៀវទេសចរឱ្យឈានជើងចេញមិនរួចពីតំបន់នេះសោះ រួមទាំងអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើមានដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម។