ប្រវត្តិឈ្មោះខេត្តកំពត

[ មានដឹងទេថា ហេតុអ្វីបានជាខេត្តកំពតមានឈ្មោះថាកំពត? ]

   

      មានអត្ថបទជាច្រើនដែលគេបានសរសេរខុសៗគ្នាអំពីប្រវត្តិឈ្មោះខេត្តកំពត តែ Visit Kampot សូមលើកយកប្រភព៣ ដែលមើលទៅគួរអោយចាប់អារម្មណ៍ យកមកចែករំលែកដល់អ្នកទាំងអស់គ្នា។ អត្ថបទខាងក្រោមមានដូចតទៅៈ
• អត្ថបទទី១
ប្រភពបានឲ្យដឹងថា ខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជន កំពតថា គុម្ពត ឬ កំពោត ដែលពាក្យនេះ បានក្លាយទៅជាឈ្មោះខេត្ត ហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយ ដែលអ្នកស្រុកស្គាល់ពីយូរលង់ណាស់មកហើយ ស្ថិតនៅព្រែកកំពត ដែលមានប្រភពមកពីភ្នំដំរី។ ហើយនៅខាងលើដៃព្រែកកំពតបន្តិច ដែលជាទីប្រជុំជនចិនរស់នៅ ហៅភូមិព្រៃស្តុក(ម្តុំអណ្ដូងខ្មែរ) យ៉ាងក៏ដោយ ពាក្យថា គុម្ពត និងកំពោត គេពុំដែលយល់ស្របទៅលើដើមកំណើត និង ឫសគល់នៃពាក្យនេះឡើយ។


• អត្ថបទទី២
ក្នុងនោះ តាមសម្ដីអ្នកខ្លះតំណាលថា មានស្ត្រីអ្នកមានធនធានចតុស្តម្ភម្នាក់ឈ្មោះ នាង ពត ដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពល និងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយ ដោយសារភោគទ្រព្យមហាសាលរបស់នាង ហើយអ្នកស្រុកបានប្រមូលផ្តុំគ្នាមករស់នៅជុំវិញស្ត្រីនោះ តាមបែបសាជីវកម្ម គឺរបៀបជាក្រុមមួយ។ តំណក្រោយមក ពាក្យថា "ក្រុម" នេះក្លាយមកជាពាក្យ "កុម" ដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាង ពត មានឈ្មោះជាបន្តបន្ទាប់ថា ក្រុមនាងពត រួចក្រុមពត។


• អត្ថបទទី៣
ងាកមក រឿងនិទានមួយប្រហាក់ប្រហែលគ្នានេះដែរ បានតំណាលពីស្ដេចព្រះរាម នាសម័យបែកបាក់លង្វែក ដែលបានរត់គេចចេញពីការបះបោរក្នុងរាជវាំង ហើយភៀសព្រះកាយមកគង់នៅជាមួយមហេសីម្នាក់ រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួន។ បន្ទាប់មកទៀត មហេសីដែលមាននាមថា អ្នកម្នាង ពត មានជំងឺរួចក៏ស្លាប់នៅទីនោះ ក្រោយមក ដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅ ចំពោះស្ត្រីដែលព្រះអង្គសព្វព្រះទ័យជាងគេ ជាពិសេសព្រះអង្គក៏ប្រទានឈ្មោះកន្លែងនោះថា កំពត។

យ៉ាងណាមិញ Visit Kampot មិនអាចនិយាយបានថាមួយណាគឺជាប្រវត្តពិតប្រាកដឡើយ ព្រោះមានអត្ថបទជាច្រើនទៀតដែលបានសរសេរផ្សេងគ្នាពីអត្ថបទខាងលើនេះ តែពួកយើងពុំបានលើកយកមកបង្ហាញអ្នកទាំងអស់គ្នា។ ប៉ុន្តែវាក៏ជាងរឿងមួយដែលពួកយើងបានស្រាវជ្រាវ និងចង់ចែករំឡែកដល់អ្នកទាំងអស់គ្នា៕

#visitkampot #history #kampot #cambodia