ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ

[ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ។ ]

         នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកអភិបាលក្រុងកំពត និង កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹកលេខ២៤១ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ ចាប់ពីក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង្គ និង ឃុំកំពង់គ្រែងក្នុងស្រុកទឹកឈូ​ ខេត្តកំពត។

នាឱកាសនេះដែរ ឯកឧត្តម​ បានមានប្រសាសន៍ថាបើតាមការ ពិនិត្យវាយតម្លៃជាក់ស្ដែង​ ស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ នៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់នៃការលិចលង់ដល់ លំនៅដ្ឋាន ផ្ទះសំបែង ស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ទៀត យើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និង កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រុងប្រយ័ត្នបន្តតាមដានចំពោះបាតុភូតឬធាតុអាកាស ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជួបការលំបាកឬរងគ្រោះដោយប្រការផ្សេងៗពីជំនន់ទឹកភ្លៀងនេះ។ ពិសេសត្រូវត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយអន្តរាគមន៍ ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងនេះ​ ហើយគ្មានការអន្តរាគមន៍ពីអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចឡើយ។ 

ប្រភពព័ត៌មាន៖ រដ្ឋបាលខេត្តកំពត