ការធ្វើដំណើរដោយរត់ថ្មើរជើងរបស់សាយ ពីរាជធានីភ្នំពេញបានមកដល់ខេត្តកំពតហើយ ក្នុងយុទ្ធនាការរត់ដើម្បីសប្បុរសធម៌រយៈពេល ៩៩ថ្ងៃ ឆ្លងកាត់ ២១ខេត្តក្រុង

[ សាយ ជាតារាចម្រៀង និងសម្តែងមួយរូបដែលបានចាប់ផ្តើមដំណើរការកម្មវិធីរត់ដើម្បីសប្បុរសធម៌រយៈពេល៩៩ថ្ងៃ ឆ្លងកាត់ ២១ខេត្តក្រុង បន្ទាប់ពីរៀបចំគម្រោងជាង ២ឆ្នាំកន្លងទៅ។ ]

          ដើម្បីអបអរដល់ខួបកំណើតរបស់ខ្លួនគម្រប់វ័យ ៣០ឆ្នាំ លោក អ៊ួន បឋម ហៅ សាយ បានរៀបចំគម្រោងដ៏អស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមក នោះគឺកម្មវិធីរត់ដើម្បីកុមារជាមួយសាយ រឺ Run For Children With Sai។ ក្រៅពីការអបអរខួបកំណើតរបស់ខ្លួន សាយក៏មានគោលបំណងសំខាន់ៗជាច្រើនក្នុងការបង្កើតគម្រោងនេះឡើង។ ក្នុងនាមជាតារាចម្រៀង និងសម្តែងមួយរូប សាយមានឆន្ទៈដ៏មុតមាំក្នុងការជួយជ្រោមជ្រែងប្រមូលមូលនិធិជួយកុមារៗនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដែលកំពុងតែជួបការខ្វះខាត និងត្រូវការជំនួយជាចាំបាច់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យ។ ក្នុងយុទ្ធនាការនេះផងដែរ ក៏ចង់ឆ្លុះបញ្ចាំងអំពីទឹកចិត្តនៃការលះបង់ ការតស៊ូ និងការបំផុសបំផុលអោយយុវជនខ្មែរជំនាន់ថ្មីដែលជាសសរទ្រូងនៃប្រទេសជាតិចូលរួមចែករំលែកពេលវេលា និងចូលរួមធ្វើការងារមនុស្សធម៌ដើម្បីជួយសង្គមជាតិអោយកាន់តែរីកចម្រើន។ 

សូមបញ្ជាក់ថាកម្មវិធីរត់ដើម្បីកុមារជាមួយសាយ បានចាប់ផ្តើមឡើងតាំងពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង 4:00 ទៀបភ្លឺដោយចេញដំណើរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺដែលជាជំហានដំបូង និងបោះជំហានជាបន្តបន្ទាប់ទៅកាន់ខេត្តផ្សេងៗទៀតចំនួន២១ ខេត្តក្រុងក្នុងប្រទេសកម្ពុជាលើកលែងតែខេត្តស្វាយរៀង​ កំពង់ឆ្នាំង កំពង់ធំ និងខេត្តឧត្តរមានជ័យ ដោយរត់ក្នុងចម្ងាយ ៤០ គីឡូម៉ែត្រក្នុងមួយថ្ងៃ សម្រាប់រយៈពេល៩៩ថ្ងៃ ក្នុងគម្រោងប្រមូលមូលនិធិប្រមាណ ១០០០ ០០០ ០០០ រៀល​សម្រាប់បរិច្ចាកជួយដល់មន្ទីរពេទ្យកុមារអង្គរ។ 

បើគិតមកដល់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា​ ឆ្នាំ២០២០ សាយ និងក្រុ​មការងារបានធ្វើដំណើរមកដល់ក្រុងកំពតនាវេលាម៉ោងប្រមាណ ៨ និង ៥៦នាទីព្រឹក និងគ្រោងរត់ពីក្រុងកំពតទៅកាន់ស្រុកព្រៃនប់ ក្រុងព្រះសីហនុនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០បន្ទាប់ពីសម្រាក និងធ្វើទស្សនកិច្ចនៅខេត្តកំពតក្នុងថ្ងៃទី១៦ ខែតុលារួចរាល់។ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមបរិច្ចាកក្នុងកម្មវិធីសប្បុរសធម៌នេះអាចទំនាក់ទំនងតាមរយៈ

  • ABA App : 000 320 555 (Angkor Hospital for Children Limited)
  • Wing : 03206872 (AHC Patient Contributions)

រួមគ្នាដើម្បីកុមារកម្ពុជាដែលជាទំពាំងស្នងឬស្សីនាពេលអនាគតរបស់ប្រទេសជាតិ៕