ឯកឧត្តម ជាវ តាយ បានដឹកនាំកងកម្លាំង មន្ទីរ និងអង្គភាពពាក់ព័ន្ធដើម្បីត្រួតពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយនាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែតុលាឆ្នាំ២០២០។

[ ឯកឧត្តម ជាវ តាយ និងកងកម្លាំង មន្ទីរ និងអង្គភាពពាក់ព័ន្ធបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ និងស្ពានដែកក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង សុ្រកទឹកឈូ។ ]

          នាល្ងាចថ្ងៃសៅរ៍ ១កើត ខែកក្តិក ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានដឹកនាំកងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ ក្នុងក្រុង​កំពត ស្រុក​ទឹកឈូ ដើម្បីពិនិត្យស្ថានភាពទឹកតាមដងព្រែកកំពង់បាយ​ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូ។

ក្នុងដំណើរពិនិត្យស្ថានភាពទឹកនោះផងដែរ ឯកឧត្តម​ ជាវ​ តាយ​ បានអញ្ជើញពិនិត្យស្ពានដែកដែលស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដោយស្ពានមានសភាពចាស់ទ្រុឌទ្រោម ហើយឯកឧត្តមក៏បានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដោយសហការជាមួយស្រុកទឹកឈូដើម្បីធ្វើការជួសជុលកែលម្អឡើងវិញ ក្នុងគោលបំណងបង្កនូវលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់​ ព្រមទាំងដាក់អំពូលភ្លើងសូឡាបំភ្លឺពេលយប់បន្ថែមផងដែរ។

បន្ទាប់ពីពិនិត្យស្ថានភាពស្ពានរួចឯកឧត្តមបានបន្តដំណើរជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូបន្ថែមទៀត។ ក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋក៏បានសម្តែងនូវអំណរសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកពិនិត្យស្ថានភាពទឹកតាមដងព្រែក និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកាយវិការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ថ្នាក់ដឹកនាំខេត្តមិនព្រងើយកន្តើយចំពោះបងប្អូនឡើយ។ តំណាងបងប្អូនប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម​ ជួយកែសម្រួលលូឆ្លងកាត់ផ្លូវដែលក្រុមជំនាញសាងសង់ផ្លូវបានដាក់ខ្ពស់ ជាហេតុធ្វើអោយទឹកមិនអាចហូរទៅព្រែកបានអាចបង្កអោយលិចភូមិរបស់បងប្អូន ដែលកំណាត់ផ្លូវនេះជាគម្រោងសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្តែការអនុវត្តគម្រោងដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។ 

បន្ទាប់ពីមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម​ ជាវ​ តាយ​ បានទទួលយកនូវសំណើររបស់បងប្អូន​ ហើយនឹងពិភាក្សាជាមួយកងវិស្វកម្មដើម្បីធ្វើការកែសម្រួលឡើងវិញ។ បន្ទាប់មកឯកឧត្តមបានចែកមីមួយចំនួនជូនដល់បងប្អូន​ កូនក្មួយ​ នៅក្នុងភូមិ និងចែកថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូច នគរបាលការពារព្រំដែនទឹកលេខ២៤១​ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន៣០,០០០៛ ។

សូមជម្រាប​ថា​ដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបង្កឲ្យទឹកហូរចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ក្រុមបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយត្រូវធ្វើការបើកទ្វាររំដោះទឹកចំនួនមួយដែលមានកម្ពស់៣ម៉ែត្រ​ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយអោយមានការប្រុងប្រយ័ត្ន។ ប៉ុន្តែរហូតមកដល់ម៉ោង៧យប់នេះស្ថានភាពទឹកនៅក្នុងព្រែកកំពង់បាយមានលក្ខណៈធម្មតា និងមិនមានការជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកកំពង់បាយឡើយ៕

ប្រភព៖ Page រដ្ឋបាលខេត្តកំពត