សហគមន៍ព្រែកត្នោតអន្លង់ធំ-អន្លង់ខៀវ
ខេត្តកំពតមានសហគមន៍ទេសចរណ៍ចំនួន៤កន្លែងដែលកំពុងដំណើរការនាពេលបច្ចុប្បន្នមានដូចជា: សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍កំពង់សាមគ្គី និងសហគមន៍ទេសចរណ៍បឹងអន្លង់ព្រីង។ សហគមន៍ទេសចរណ៍ដែលមានលក្ខណៈលេចធ្លោជាងគេក្នុងចំណោមសហគមន៍ទេសចរណ៍ទាំងបួនមានចំនួន២សហគមន៍ គឺសហគមន៍ទេសចរណ៍ត្រពាំងសង្កែ និងសហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) ។
សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានទីតាំងស្ថិតនៅភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងមានចម្ងាយផ្លូវ ១៧៨ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ដែលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៧៧ និង ១៧៨ ពីភ្នំពេញមកដល់ច្រកចូលសហគមន៍រួចបត់ស្តាំបន្តដំណើរតាមផ្លូវកា្រលគ្រួសក្រហមប្រមាណ ១៦០០ម៉ែត្រ ទើបដល់សហគមន៍អេកូទេសចរណ៍ព្រែកត្នោតដែលមានទីតាំងស្ថិតនៅចន្លោះខេត្តព្រះសីហនុ និងទីរួមខេត្តកំពត។
ភ្ញៀវទេសចរអាចទៅដល់បានដោយធ្វើដំណើរតាមឡានទេសចរណ៍ធំតូច តាក់ស៊ីក៏បាន។ សហគមន៍អេកូទេសចរណ៍ព្រែកត្នោតមានចម្ងាយ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ភាគខាងលិច និង៧៥គីឡូម៉ែត្រពីខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ កាត់តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ ។
នៅពេលដែលបានមកដល់រមណីយដ្ឋានអន្លង់ធំ នោះយើងនឹងបានឃើញនូវទេសភាពដ៏អស្ចារ្យដែលយើងកម្របានឃើញពីមុនមកណាស់។ ទេសភាពដ៏ទាក់ទាញបំផុតនៅរមណីយដ្ឋាននេះគឺយើងអាចមើលឃើញព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំបូកគោ ហើយទឹកបានហូរចុះមកគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់ អមដោយហ្វូងមច្ឆាតូចធំហែលប្រដេញគ្នាគួរឱ្យគយគន់ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។
រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទេសភាពស្អាត ទឹកថ្លា អាចហែលលេងកំសាន្តបាន និងចូលទៅដល់ព្រៃហួសទឹកធ្លាក់អន្លង់ធំយើងដើរកាត់ព្រៃ និងថ្ម នឹងទៅដល់អន្លង់ខៀវដែលជាអាងទឹកធម្មជាតិដ៏ថ្លាយង់ ពណ៌ខៀវស្រងាត់ និងត្រជាក់ស្រេង អាចអោយយើងលោតទឹកលេង និងហែលទឹកលេងនឹងបានបំភ្លេចនូវទុក្ខកង្វល់ដែលបានបន្សល់ទុក។ លើសពីនេះទៅទៀតនៅទីនោះក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វអភិរក្សនៅក្នុងតំបន់មួយនេះ។