អាទីហ្សង់កំពត
អាទីហ្សង់កំពត គឺជាភោជនីយដ្ឋានបែបបរទេសមួយកន្លែងនៅក្រុងកំពតដែលត្រូវបានរៀបចំកែច្នៃពីអាគារក្នុងសម័យអាណានិគមបារាំង ប្រែក្លាយជាភោជនីយដ្ឋានដ៏ស្រស់ស្អាតមួយ។
ដើមឡើយ ទីនេះគឺជាផ្ទះលក់ដូរមួយនៅសម័យដើម ក្នុងឆ្នាំ1945 ក្រោយមកបានបើកដំណើរការជាភោជនីយដ្ឋាននៅឆ្នាំ2017 ជាមួយនឹងការលាយបញ្ចូលគ្នារវាងរចនាបថបែបបុរាណ និងសម័យ ព្រមទាំងជាកន្លែងដើម្បីស្វែងយល់ពីម្រេចកំពតផងដែរ។
បច្ចុប្បន្ន ហាងនេះមានបម្រើសេវាកម្មជាអាហារបែបខ្មែរ អាហារបែបបរទេស បង្អែម កាហ្វេ ភេសជ្ជៈ និងមានលក់ម្រេចដែលជាផលិតផលប្រចាំខេត្តកំពតផ្ទាល់តែម្តង។ ម្ហូបនីមួយៗនៅទីនេះត្រូវបានចម្អិនឡើងយ៉ាងយកចិត្តទុកដាក់ប្រកបដោយឱជារស មានអនាម័យ និងសោភ័ណភាព គួរអោយចង់ទទួលទាន ព្រោះជាប្រភេទមុខម្ហូបដែលរួមបញ្ចូលនូវម្ហូបបារាំង និងកម្ពុជា ហើយប្រើប្រាស់ម្រេចកំពតដែលជាម្រេចដ៏ល្បីបំផុតរបស់ពិភពលោក។
រីឯកន្លែងអង្គុយនៅទីនេះវិញ មានការរៀបចំបានល្អ បរិយាកាសក៏អេម ជាពិសេសមានទីតាំងសម្រាប់ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ផងដែរ។ អាទីហ្សង់កំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមាត់ព្រែក ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ចម្ងាយពីស្ពានចាស់ប្រហែល ២៥០ម៉ែត្រ។
រូបភាព៖ អាទីហ្សង់កំពត