ការជិះខ្សែរ៉ក
តើលោកអ្នកធ្លាប់មានបទពិសោធន៍ជិះខ្សែរ៉កនៅខេត្តកំពតហើយឬនៅ? ប្រសិនបើលោកអ្នកមិនធ្លាប់ជិះខ្សែរ៉កទេ លោកអ្នកអាចសាកល្បងបាន ពីព្រោះថាលោកអ្នកអាចនឹងចាប់ចិត្ត ចង់ជិះម្តងទៀតបន្ទាប់ពីបានសាកលើកដំបូង។ ការជិះខ្សែរ៉ក គឺជាសកម្មភាពកម្សាន្តដ៏ប្លែក ទាក់ទាញ និងមានការពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកលេងខេត្តកំពត។
ដើម្បីជិះខ្សែរ៉កបាន លោកអ្នកត្រូវដើរឡើងតាមកាំជណ្ដើរដែលធ្វើពីឬស្សីព័ទ្ធជុំវិញដើមឈើធំមួយ មានកម្ពស់រហូតដល់ ១០ម៉ែត្រ។ ការជិះខ្សែរ៉កឆ្លងកាត់ទឹកព្រែកដែលមានចម្ងាយ ២០០ម៉ែត្រនេះ អាចធ្វើឱ្យអ្នកទេសចរទទួលបានអារម្មណ៍ស្រស់ថ្លា ក៏ដូចជាប្លែកអារម្មណ៍ជាមួយនឹងការកម្សាន្តនេះផងដែរ។ នៅពេលដែលលោកអ្នកបានជិះឆ្លងកាត់ព្រែកទៅដល់ត្រើយម្ខាងរួច លោកអ្នកនឹងត្រូវធ្វើដំណើរត្រឡប់មកវិញដោយការជិះទូក។
សម្រាប់សកម្មភាពជិះខ្សែរ៉កនេះ លោកអ្នកអាចស្វែងរកបាននៅតាមរមណីយដ្ឋានមួយចំនួន ដែលស្ថិតនៅតាមដងព្រែកកំពត។ ចំណែកឯតម្លៃសំបុត្រវិញ លោកអ្នកត្រូវចំណាយប្រាក់ត្រឹមតែ ៣០០០០៛ ក្នុងម្នាក់តែប៉ុណ្ណោះ។ ដើម្បីមានភាពងាយស្រួល លោកអ្នកអាចធ្វើការទិញសំបុត្រជិះខ្សែរ៉កពីក្រុមការងារ Visit Kampot បានផងដែរ។
អត្ថបទដោយ៖ លឹម មោលីណាកា
៣០០០០៛ ក្នុងម្នាក់
null
$7.50