ភ្នំសសៀរ
ភ្នំសសៀរ ជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និងល្អាងប្រចៀវ។
ល្អាងស្តេចដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេសម្រាប់គោរពបូជាព្រោះទីនោះមានថ្មពណ៌សដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវគឺស្ថិតនៅផ្នែកម្ខាងទៀតនៃភ្នំ។ មុននឹងចូលទៅដល់ទីនោះលោកអ្នកអាចនឹងឮសូរសំឡេងរងំនៃសត្វប្រចៀវ។ វាក៏ជារូងធំហើយជ្រៅ និងមានទឹកខួបប្រាំងខួបវស្សានៅទីនោះផងដែរ។ ជាទូទៅភ្ញៀវទេសចរដែលទៅលេងនៅទីនោះគឺដើម្បីធ្វើការបួងសួងក៏ដូចជាគយគន់នូវសម្រស់ធម្មជាតិដែលមាននៅជុំវិញភ្នំជាមួយនឹងខ្យល់បរិសុទ្ធផងដែរ។
ដើម្បីទៅដល់ទីនោះភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរង្វង់មូលសេះសតាមបណ្តោយផ្លូវជាតិលេខ ៣៣ (ទិសដៅពីខេត្តកែបឆ្ពោះទៅទីរួមខេត្តកំពត) ប្រមាណ ១គីឡូម៉ែត្រ រួចបត់ស្តាំចូលតាមក្លោងទ្វារវត្តភ្នំសសៀរប្រហែល ៩០០ម៉ែត្រទៀត នោះអ្នកនឹងបានទៅដល់ទីតាំងតែម្តង។
អត្ថបទដោយ៖ វុទ្ធី ស្រីនូ
ទស្សនាឥតគិតថ្លៃ
null
$0.00