កោះម៉ាក់ប្រាង្គ
កោះម៉ាក់ប្រាង្គ គឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ។ បច្ចុប្បន្ននេះពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅកោះនេះច្រើននៅឡើយទេ ពីព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែប ដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់សោភានៃខេត្តកែបនេះ។
នៅលើកោះនេះមានព្រៃឈើដ៏ខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស មានគ្រួសតូចៗចម្រុះពណ៌គ្នារួមជាមួយនឹងសំឡេងរលកសមុទ្រ ដែលបន្លឺឡើងពីកម្លាំងខ្យល់ប្រៀបដូចជាចម្រៀងធម្មជាតិ សម្រាប់បំពេរអារម្មណ៍អ្នកទេសចរគ្រប់រូប ដែលមកកម្សាន្ដនៅទីនេះឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ និងបន្សល់នូវតែស្នាមញញឹមយកត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។ មិនខុសគ្នាពីកោះអង្ក្រងប៉ុន្មានទេ ភ្ញៀវទេសចរក៏អាចស្ទូចត្រីនៅទីនេះ ហើយថែមទាំងអាចចម្អិនអាហារសម្រាប់បរិភោគបានយ៉ាងឆ្ងាញ់។ ភ្ញៀវទេសចរអាចទៅជាលក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិដើម្បីលំហែកាយ និងសាងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានរួមគ្នា។
កោះនេះមានទីតាំងស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ។ ភ្ញៀវទេសចរដែលមានគម្រោងទៅកម្សាន្ដនៅកោះនេះ គួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹក ព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា