កោះអង្ក្រង
កោះអង្ក្រង គឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ។ បច្ចុប្បន្ននេះ ពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះច្រើននៅឡើយទេ ព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែបដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់ស្អាតនៃខេត្តកែបនេះ។
កោះនេះពោរពេញទៅដោយទេសភាពបៃតងស្រស់បំព្រង ផ្កាថ្ម និងថ្មប៉ប្រះទឹក ទឹកសមុទ្រដែលថ្លាឆ្លុះដល់បាត ឆ្នេរខ្សាច់សក្បុសរួមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធដែលធ្វើឱ្យអ្នកទេសចរគ្រប់រូបមានអារម្មណ៍កាន់តែស្រស់ស្រាយ និងភ្លេចអស់នូវទុក្ខកង្វល់នានា។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរភាគច្រើនដែលទៅលេងនៅទីនោះ ច្រើនជិះទូកកម្សាន្តទស្សនាទេសភាពរបស់កោះ ស្ទូចត្រីសមុទ្រ និងយកទៅចម្អិន រួចបរិភោគផ្ទាល់តែម្ដង។
កោះនេះមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ។ សម្រាប់ភ្ញៀវទេសចរដែលមានគម្រោងទៅកម្សាន្ដនៅកោះនេះ គួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹក ព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា