...

...

...
...

...

...

...

3.3K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

22/07/2021

 

កោះអាចម៍សេះ គឺជាកោះអភិរក្សមួយស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីក្រុងកែប។ បច្ចុប្បន្ននេះ ពុំសូវមានភ្ញៀវទេសចរទៅកម្សាន្តនៅកោះនេះច្រើននៅឡើយទេ ពីព្រោះពួកគេមិនសូវបានដឹងអំពីធនធានចម្រុះដ៏សម្បូរបែប ដែលកំពុងលាក់ខ្លួននៅលើទឹកដីដ៏ស្រស់សោភានៃខេត្តកែបនេះ។ 

 

នៅលើកោះនេះមានព្រៃឈើដ៏ខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង មានគ្រួសតូចៗចម្រុះពណ៌គ្នារួមជាមួយនឹងសំឡេងរលកសមុទ្រ ដែលបន្លឺឡើងពីកម្លាំងខ្យល់ប្រៀបដូចជាចម្រៀងធម្មជាតិ សម្រាប់បំពេរអារម្មណ៍អ្នកទេសចរគ្រប់រូប ដែលមកកម្សាន្ដនៅទីនេះឱ្យភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ និងបន្សល់នូវតែស្នាមញញឹម។ អ្វីដែលពិសេសបំផុតនោះគឺ ភ្ញៀវទេសចរអាចមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រផ្សេងៗដូចជា ស្មៅសមុទ្រ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីសមុទ្រដែលមានពណ៌ចម្រុះ ផ្សោតសមុទ្រ រួមជាមួយនឹងសេះសមុទ្រដ៏គួរឱ្យស្រឡាញ់ថែមទៀតផង។ 

 

កោះនេះមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងត្រូវធ្វើដំណើរតាមរយៈទូករបស់ប្រជាពលរដ្ឋ ដែលមានរយៈពេលប្រមាណពី ៤០នាទី ទៅ១ម៉ោងអាស្រ័យទៅតាមអាកាសធាតុ។ ភ្ញៀវទេសចរដែលមានគម្រោងទៅលេងកម្សាន្ដនៅកោះនេះ គួរត្រៀមនូវឡេការពារកម្ដៅថ្ងៃ ទឹកផឹក ព្រមទាំងត្រូវមើលពីការព្យាករណ៍អាកាសធាតុ និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការលេងទឹកផងដែរ។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ថ្ងៃលិច
ស្ទូចត្រី
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ថតរូប
ដំណើរផ្សងព្រេង
ដើមឈើ
ភ្នំ