កោះសារាំង
ថ្វីត្បិតតែមានឈ្មោះស្រដៀងនឹងភាសាកូរ៉េ កោះសារាំង គឺជាកោះធម្មជាតិមួយរបស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលជាតំបន់គ្រប់គ្រងជលផលនៃប្រជុំកោពោធិ៍ និងកោះទន្សាយ។ កោះនេះមានសម្រស់ស្រស់ស្រទន់ មានដើមឈើពណ៌បៃតងលម្អកោះជាច្រើន និងអមដោយទឹកសមុទ្រដ៏ខៀវស្រងាត់។
ភ្ញៀវទេសចរអាចធ្វើការជួលទូកជិះទៅលេងកោះដោយចំណាយពេលប្រហែលពី ២០ ទៅ៤០នាទី ដើម្បីគយគន់ទេសភាពរបស់កោះ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនាជំនោរសមុទ្រ ហែលទឹកលេង មុជទឹកមើលផ្កាថ្ម និងត្រីចម្រុះពណ៌ ស្ទូចត្រី និងរកងាវសមុទ្រជាដើម ។ បន្ទាប់មកយើងអាចធ្វើម្ហូបបរិភោគលើទូក រួចសម្រាកកម្សាន្តលើទូក ឬ ដើរលេងកម្សាន្តតាមឆ្នេរយ៉ាងសប្បាយរីករាយ ដែលសាកសមបំផុតសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬគូសង្សារ។
ប្រសិនបើភ្ញៀវទេសចរមានបំណងទៅលេងកោះនេះ គប្បីត្រៀមនូវសម្ភារៈមួយចំនួនដូចជា ឡេការពារកម្តៅថ្ងៃ មួក ឆ័ត្រ និងត្រួតពិនិត្យអាកាសធាតុមុននឹងធ្វើដំណើរដើម្បីបង្កាហានិភ័យផ្សេងៗ។ កោះសារាំងមានទីតាំងស្ថិតនៅភូមិកែបថ្មី សង្កាត់កែប ក្រុងកែប ខេត្តកែប និងមានចម្ងាយប្រមាណ ៩.៥៨ គីឡូម៉ែត្រពីទីរួមខេត្ត។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា