បាលីវីឡាកំពត
បាលីវីឡាកំពត (Bali Villa Kampot) ជាកន្លែងស្នាក់លំហែកាយដ៏ស្រស់ស្អាតមានទីតាំងស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីប្រជុំជន និង ២គីឡូម៉ែត្រពីវត្តកំពត។
ទីនោះមានកន្លែងគេងជាលក្ខណៈបឹងហ្គាឡូ និងវីឡាដែលរចនាម៉ូតតាមកន្លែងទេសចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ីគឺ កោះបាលី។ ជាមួយគ្នានេះដែរ វីឡានីមួយៗត្រូវបានសង់ឡើងដាច់ដោយឡែកពីគ្នា និងបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត មាន២ជាន់ជាមួយនឹងបន្ទប់គេង ៣ បំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ តុទូ កៅអី សាឡុង ទូទឹកកក និងសម្ភារៈផ្ទះបាយផ្សេងៗសម្រាប់ប្រើប្រាស់ផ្តល់នូវភាពងាយស្រួលដល់អ្នកដែលមកស្នាក់ជាលក្ខណៈគ្រួសារ។
រីឯទិដ្ឋភាពនៅខាងមុខវីឡាវិញមានអាងទឹកឯកជនដ៏ថ្លាឈ្វេងសម្រាប់ហែលលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់ត្រជាក់ បរិយាកាសស្ងប់ស្ងាត់ ជាពិសេសយើងអាចគយគន់សម្រស់ព្រៃភ្នំដែលមានអ័ព្ទម្តងម្កាលយ៉ាងរីករាយធ្វើអោយរសាយអស់ទុក្ខកង្វល់ និងភាពធុញថប់ទាំងឡាយ។
កាន់តែពិសេសជាងនេះទៅទៀត ខាងបាលីវីឡាកំពតក៏មានផ្តល់នូវចង្ក្រានអាំងសាច់ និងធ្យូងសម្រាប់ភ្ញៀវដែលចង់រៀបចំអាហារ រឺសាច់អាំងញុាំជួបជុំក្រុមគ្រួសារ និងមិត្តភក្តិផងដែរ ជាមួយនឹងកញ្ចុះដែលសង់ក្បែរមាត់ទឹក និងកន្លែងចតឡានដ៏ធំទូលាយប្រកបដោយសុវត្ថិភាព។ សម្រាប់អ្នកដែលមកលេងកំពត និងកំពុងស្វែងរកកន្លែងស្នាក់បែបស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាតមិនគួររំលងទីនេះឡើយ។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ Bali Villa Kampot