ភោជនីយដ្ឋានជ្រលងបៃតងវាលពួច
ភោជនីយដ្ឋានក្បែរទឹកធ្លាក់មួយកន្លែងកំពុងលាក់ខ្លួនក្នុងព្រៃព្រឹក្សាដ៏ស្រស់ត្រកាលនៅតំបន់ទឹកធ្លាក់វាលពួច ខេត្តកំពត នោះគឺ ជ្រលងបៃតងវាលពួច។ ជ្រលងបៃតងវាលពួច មានបម្រើសេវាកម្មអាហារបែបខ្មែរ បែបបរទេស អាហារកម្មង់ ប៊ុហ្វេ សាច់អាំង ភេសជ្ជៈ និងស្រាក្រឡុកដ៏មានរសជាតិឈ្ងុយឆ្ងាញ់ អមដោយអនាម័យ និងសេវាកម្មរហ័សទាន់ចិត្តពីសំណាក់ចុងភៅ និងបុគ្គលិកនៅទីនោះ។
លើសពីនេះទៅទៀត ខាងភោជនីយដ្ឋាន បានរៀបចំតុបតែងកន្លែងអង្គុយយ៉ាងមានសណ្ឋាប់ធ្នាប់ ជាមួយនឹងមុខម្ហូបនីមួយៗដែលធ្វើឡើងយ៉ាងពិសេស និងរៀបចំប្រកបដោយភាពច្នៃប្រឌិត គួរអោយចង់ទទួលទាន ជាពិសេសលោកអ្នកក៏អាចជ្រើសរើសកន្លែងអង្គុយដែលរៀបចំឡើងក្បែរទឹកហូរតែម្តង អាចអោយយើងទទួលទានអាហារបណ្តើរ គយគន់ទេសភាពទឹកហូរបណ្តើរ ជជែកគ្នាលេង ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ថតរូបលេងជុំគ្នា បង្កើតអនុស្សាវរីយ៍ និងការចងចាំល្អៗ ពិតជាស្រស់ស្រាយណាស់។
បន្ថែមពីនេះ លោកអ្នកក៏អាចអញ្ជើញមកជាលក្ខណៈគ្រួសារ រឺក្រុមការងារផងដែរ ព្រោះទីនោះមានទីធ្លាធំទូលាយ អាចទទួលភ្ញៀវបានច្រើន។ សម្រាប់ទីតាំងវិញ ជ្រលងបៃតងវាលពួច មានទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ហួសវត្តវាលពួចប្រហែល ១គីឡូម៉ែត្រ។
អត្ថបទដោយ៖ ដែង សុជាតា