មកស្គាល់កីឡាករខេត្តកំពត ១រូប ដែលកំពុងធ្វើតេស្តនៅក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ កម្ពុជា ត្រៀមចូលរួមពានរង្វាន់ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី
កីឡាករ ស៊ូ មេងហុង កើតនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០០៧ តួនាទីជាខ្សែប្រយុទ្ធ កំពុងធ្វើតេស្តនៅក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ កម្ពុជា ត្រៀមចូលរួមពានរង្វាន់ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
កីឡាកររូបនេះជាអតីតកីឡាករនៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពតអាយុក្រោម១៥ឆ្នាំ បានធ្វើតេស្តជាប់សាលាបាល់ទាត់ជាតិបាទីកាលពីដើមឆ្នាំ២០២១ និងបានហ្វឹកហាត់នៅទីនោះគិតមកដល់ពេលនេះអស់រយៈពេល១ឆ្នាំ៤ខែ ហើយក៏បានជាប់ឈ្មោះធ្វើតេស្តក្នុងចំណោម ២៨នាក់នេះតែម្តង។ ការធ្វើតេស្តនេះនឹងត្រូវធ្វើតេស្ត ២លើក ក្នុងដំណាក់កាលទី២ នៅសាលាបាល់ទាត់ជាតិបាទី ដែលលើកទី១ ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ ខែមិថុនា ឆ្នាំ២០២២ និងលើកទី២ ចាប់ពីថ្ងៃទី០៩ ដល់ទី ១០ ខែកក្កដា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា កីឡាករ ស៊ូ មេងហុង ជាអតីតសិស្សសាលាអនុវិទ្យាល័យកំពតក្រុង និងជាយុវជនកើតចេញពីការបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់សាលាតម្រង់ទិសខេត្តកំពត។ នេះជាមោទនៈភាពមួយសម្រាប់ខេត្តកំពតដែលមានកីឡាករល្អកើតចេញពីថ្នាលយុវជនបានជាប់នៅក្លឹបអាជីព និងមានឱកាសចូលរួមជាមួយជម្រើសជាតិកម្ពុជា។
សូមជូនពរប្អូនបានជាប់ជាជម្រើសជាតិអាយុក្រោម ១៥ឆ្នាំ និងបន្តជាប់ជាជម្រើសជាតិឈុតធំ និងសង្ឃឹមថាប្អូនខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងដើម្បីជួយលើកមុខមាត់ប្រទេសយើងលើឆាកអន្តរជាតិ។
សូមអរគុណ!
អត្ថបទដោយ៖ ឡេះ ហ្វើត