រមណីយដ្ឋានក្តាតសាណាកា
ក្តាតសាណាកា ជារមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ព្រោះថាទីនេះមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៍ អមដោយកន្លែងស្អាតៗសម្រាប់ថតរូប និងមានសេវាកម្មផ្នែកម្ហូបអាហារយ៉ាងឆ្ងាញ់ពិសារផងដែរ។
ក្នុងនោះដែរ យើងអាចជិះទូកកាយ៉ាកគយគន់ដើមកោងកាងនៅតាមដៃសមុទ្រ មើលផ្កាថ្ម ស្ទូចត្រីលេង រកផ្កាយសមុទ្រ ចាប់កាំប្រម៉ាសមុទ្រ ងូតទឹកជ្រោះ រួចអាំងសាច់ញាុំយ៉ាងសប្បាយរីករាយ។ ពេលល្ងាច យើងអាចមើលថ្ងៃរៀបលិចដ៏ស្រស់ស្អាត ក្នុងបរិយាកាសបែបស្ងប់ស្ងាត់ កណ្តាលព្រៃកោងកាង និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ព្រោះស្ថិតនៅចន្លោះតំបន់ភ្នំ និងតំបន់សមុទ្រ សាកសមបំផុតសម្រាប់ការសម្រាកលំហែកាយនាចុងសប្តាហ៍ រឺក្នុងថ្ងៃសម្រាកនានា។
រមណីយដ្ឋាន ក្តាតសាណាកា មានទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត មានចម្ងាយពីក្រុងកំពតប្រហែល ២០គីឡូម៉ែត្រ។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ ក្ដាតសាណាកា Kdat Sanaka