វត្តសំពៅប្រាំ
វត្តសំពៅប្រាំ ជាវត្តមួយដែលត្រូវបានចាត់ទុកថាជាវត្តដែលស្ថិតនៅកន្លែងខ្ពស់ជាងគេនៅកម្ពុជា ហើយមានអាយុកាលចំណាស់ត្រូវបានកសាងឡើងកាលពីគ.ស១៩២៤ ដោយព្រះបាទស៊ីសុវត្ថិមុនីវង្សនៅពេលដែលរាជការបារាំងបានថ្វាយទ្រង់នូវទីកន្លែងមួយសម្រាប់ស្ថាបនា។ ដោយមានទឹកព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ទ្រង់ក៏បានត្រាស់បញ្ជាឲកសាងជាអារាមបែបពុទ្ធសាសនាមួយរួចដាក់ឈ្មោះថា វត្តសំពៅប្រាំ។
តាមរយៈឯកសារប្រវត្តិសាស្ត្រ និងអ្នកស្រុកបានបង្ហាញថាឈ្មោះវត្តនេះមានជាប់ទាក់ទងនឹងរឿងរ៉ាវនៃព្រះថោងនាងនាគ។ នៅក្រោយពេលដែលព្រះថោង និងនាងនាគបានជួបស្តេចភុជង្គនាគ ទ្រង់ក៏បាននូវវត្ថុមានតម្លៃចំនួនប្រាំសំពៅមកជាមួយដើម្បីឲទ្រង់ទាំងពីរសង់រាជវាំងលើគោក ក្រោយមកទឹកសមុទ្រចេះតែស្រកទៅធ្វើឲជាប់គាំងសំពៅក្លាយទៅជាថ្មរាងសំប៉ែតដូចក្ដោងសំពៅសព្វថ្ងៃដែលមានបណ្ដោយ និងកម្ពស់ប្រមាណជាង១០ម៉ែត្រ។
នៅក្នុងទីតាំងនៃវត្តនេះមានព្រះវិហារតូចច្រឡឹងមួយ ចេតិយមួយ សាលាសន្សំកុសល ព្រះពុទ្ធបដិមា និងរូបសំណាក់វត្ថុសក្តិសិទ្ធនានា ហើយភ្ញៀវទេសចរអាចមើលឃើញទេសភាពនៃព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅតាមជ្រលងដងភ្នំ និងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ក្រៃលែង។
ភ្ញៀវទេសចរអាចទៅទីនោះបានតាមផ្លូវចំនួន២ គឺផ្លូវជាតិលេខ៣ ពីភ្នំពេញ-ភ្នំបូកគោចម្ងាយ ១៨៩គីឡូម៉ែត្រ និងកំពត-វាលរិញមានចម្ងាយ ៣២គីឡូម៉ែត្រតាមរយៈមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទ។
ម្យ៉ាងទៀត ភ្ញៀវទេសចរគួរត្រៀមសំលៀកបំពាក់ក្រាស់ៗ និងអាវភ្លៀងព្រោះអាកាសធាតុនៅលើភ្នំ់ប្រែប្រួលយ៉ាងឆាប់រហ័សដែលសម្បូរអ័ព្ទ និងភ្លៀងធ្លាក់ច្រើន។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរទាំងខ្មែរ និងបរទេសបានធ្វើដំណើរទៅទីនោះដើម្បីផ្សងសុំសេចក្ដីសុខ និងសំណាងល្អព្រោះពួកគេយល់ថាវត្តនេះជាទីកន្លែងដែលសក្តិសិទ្ធមួយក្នុងចំណោមអារាមបែបព្រះពុទ្ធសាសនានៅកម្ពុជា។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា