...

...

...
...

...

...

...

15.8K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

01/07/2020

 

វត្តសំពៅប្រាំ ជាវត្តមួយដែលត្រូវបានចាត់ទុកថាជាវត្តដែលស្ថិតនៅកន្លែងខ្ពស់ជាងគេនៅកម្ពុជា ហើយមានអាយុកាលចំណាស់ត្រូវបានកសាង​ឡើងកាល​ពីគ.ស១៩២៤ ដោយព្រះបាទស៊ីសុវត្ថ​ិមុនីវង្សនៅពេលដែលរាជការ​បារាំងបាន​ថ្វាយ​​ទ្រង់នូវ​ទី​កន្លែង​មួយសម្រាប់​​ស្ថាបនា។ ​ដោយមានទឹកព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា  ទ្រង់ក៏បានត្រាស់បញ្ជាឲកសាងជាអារាមបែបពុទ្ធសាសនាមួយរួចដាក់ឈ្មោះថា​ វត្តសំពៅប្រាំ។ 

តាមរយៈឯកសារប្រវត្តិសាស្ត្រ និងអ្នកស្រុកបានបង្ហាញថាឈ្មោះវត្តនេះមានជាប់ទាក់ទងនឹងរឿងរ៉ាវនៃព្រះថោងនាងនាគ។ នៅក្រោយពេលដែលព្រះថោង និងនាងនាគបានជួបស្តេចភុជង្គនាគ ទ្រង់ក៏បាននូវវត្ថុមានតម្លៃចំនួនប្រាំសំពៅមកជាមួយដើម្បីឲទ្រង់ទាំងពីរសង់រាជវាំងលើគោក ក្រោយមកទឹកសមុទ្រចេះតែស្រកទៅធ្វើឲជាប់គាំងសំពៅក្លាយទៅជាថ្មរាងសំប៉ែតដូចក្ដោងសំពៅសព្វថ្ងៃដែលមាន​បណ្ដោយ និងកម្ពស់ប្រមាណ​ជាង១០ម៉ែត្រ។ 

នៅក្នុងទីតាំងនៃវត្តនេះមានព្រះវិហារតូចច្រឡឹងមួយ ចេតិយមួយ សាលាសន្សំកុសល ព្រះពុទ្ធបដិមា និងរូបសំណាក់វត្ថុសក្តិសិទ្ធនានា ហើយភ្ញៀវទេសចរអាចមើលឃើញទេសភាពនៃព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅតាមជ្រលងដងភ្នំ  និងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ក្រៃលែង។ 

ភ្ញៀវទេសចរអាចទៅទីនោះបានតាមផ្លូវចំនួន២ គឺផ្លូវជាតិលេខ៣ ពីភ្នំពេញ-ភ្នំបូកគោចម្ងាយ ១៨៩គីឡូម៉ែត្រ និងកំពត­-វាលរិញមានចម្ងាយ ៣២គីឡូម៉ែត្រតាមរយៈមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទ។

ម្យ៉ាងទៀត ភ្ញៀវទេសចរគួរត្រៀមសំលៀកបំពាក់ក្រាស់ៗ និងអាវភ្លៀងព្រោះអាកាសធាតុនៅលើភ្នំ់ប្រែប្រួលយ៉ាងឆាប់រហ័សដែលសម្បូរអ័ព្ទ និងភ្លៀងធ្លាក់ច្រើន។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរទាំងខ្មែរ និងបរទេសបានធ្វើដំណើរទៅទីនោះដើម្បីផ្សងសុំសេចក្ដីសុខ និងសំណាងល្អព្រោះពួកគេយល់ថាវត្តនេះជាទីកន្លែងដែលសក្តិសិទ្ធមួយក្នុងចំណោមអារាមបែបព្រះពុទ្ធសាសនានៅកម្ពុជា។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដំណើរផ្សងព្រេង