រមណីយដ្ឋានម្លប់ដូងជំនោរព្រែកក្តាត
ម្លប់ដូងជំនោរព្រែកក្តាត ជារមណីយដ្ឋានជាប់មាត់សមុទ្រមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីខេត្តកំពតទៅខេត្តព្រះសីហនុ ហួសស្ពានក្តាតបន្តិច នៅលើទឹកដីភូមិក្តាត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានចម្ងាយពីទីរួមខេត្តប្រហែល 23គីឡូម៉ែត្រ។
នៅទីនេះមានទីតាំងធំទូលាយ ទេសភាពស្អាត ស្ថិតនៅជាប់នឹងទឹកសមុទ្រ មានទោងសម្រាប់អង្គុយលេង អមដោយខ្យល់ជំនោរត្រជាក់ដែលបក់មកពីផ្ទៃជលសារ ពិតជាសាកសមសម្រាប់ការលំហែកាយក្នុងថ្ងៃឈប់សម្រាក។ កាន់តែពិសេស ទីនោះក៏បានច្នៃចេញជាស្ពានឈើលយចូលក្នុងទឹកសមុទ្រយ៉ាងស្រស់ស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពមួយគួរអោយចង់ថតរូបលេង រួចអង្គុយស្តាប់សម្លេងទឹករលក គយគន់ថ្ងៃលិច និងទស្សនាទិដ្ឋភាពទូកនេសាទដែលធ្វើដំណើរចេញទៅសមុទ្រជាជួរៗនាពេលល្ងាច។
ជាពិសេស នៅតំបន់នោះមានផ្ទះអ្នកភូមិរស់នៅយ៉ាងច្រើនកុះករ ធ្វើអោយយើងមានអារម្មណ៍ប្លែក និងបានស្វែងយល់ពីការរស់នៅរបស់ពួកគាត់តាមរបៀបជាអ្នកនេសាទ ព្រោះប្រជាជននៅទីនោះច្រើនប្រកបរបរនេសាទ និងមានទូកចតត្រៀបត្រាផងដែរ។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចចំណាយពេលវេលារីករាយជាមួយនឹងការស្ទូចត្រី ចាក់បង្គា ដើររើសខ្យង និងចាប់ផ្កាយសមុទ្រនៅកន្លែងទឹករាក់ជាដើម។ កាន់តែងាយស្រួល ខាងរមណីយដ្ឋានក៏មានជាកន្លែងស្នាក់ អាហារដ្ឋាន និងកញ្ចុះសម្រាប់អង្គុយទទួលទានអាហារជួបជុំគ្រួសារយ៉ាងរីករាយ។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ ម្លប់ដូងជំនោរព្រែកក្តាត