...

...

...
...

...

...

...

3.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

29/06/2022

 

ភ្ញៀវទេសចរមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយនូវសម្រស់ទឹកធ្លាក់វាលពួចដ៏ស្រស់ស្អាតរបស់ខេត្តកំពត ប៉ុន្តែអ្នកទាំងអស់គ្នាអាចនឹងមិនទាន់បានស្គាល់នៅឡើយនូវទឹកធ្លាក់មួយកន្លែងទៀតដែលស្ថិតនៅជាន់ខាងលើនៃទឹកធ្លាក់វាលពួច នោះគឺ ទឹកធ្លាក់ដំណាក់ព្រះ

ទឹកធ្លាក់ដំណាក់ព្រះ ត្រូវបានគេស្គាល់ថាជាកន្លែងដែលមានទឹកធ្លាក់ហូរចុះមកជាដំណាក់ៗដ៏ស្រស់ស្អាត ព័ទ្ធជុំវិញដោយព្រៃក្រាស់ មានផ្ទាំងសិលាធំៗសម្រាប់អង្គុយសម្រាកញុាំអាហារ និងមានទីតាំងល្អ សាកសមសម្រាប់អ្នកចូលចិត្តបោះតង់បែបលក្ខណៈផ្សងព្រេង។ ជាមួយគ្នានេះដែរ  ផ្លូវទៅកាន់ទឹកធ្លាក់នេះមានសភាពចោត ពិបាកក្នុងការធ្វើដំណើរ និងមិនសូវមានគេទៅដល់ដូចទឹកធ្លាក់វាលពួចប៉ុន្មានទេ ព្រោះវាស្ថិតនៅជាន់ខាងលើ។ ដើម្បីសុវត្ថិភាព លោកអ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងគួរត្រៀមអាហារសម្រាប់បរិភោគ ព្រោះទីនោះពុំមានកន្លែងលក់អាហារដូចនៅជាន់ខាងក្រោមឡើយ។ 

ថ្វីត្បិតតែផ្លូវធ្វើដំណើរមានការលំបាកបន្តិចក៏ពិតមែន ប៉ុន្តែនៅពេលដែលយើងបានទៅដល់ទីនោះ យើងនឹងមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងសម្រស់ទឹកធ្លាក់ដែលមានសភាពថ្លាឈ្វេង​ ពណ៌ខៀវ និងត្រជាក់ កំពុងហូរចុះមកពីខាងលើ បង្កើតបានជាសម្លេងយ៉ាងពិរោះប្រៀបដូចតន្រ្តី ហូរប្រគុំកំដរព្រៃព្រឹក្សាពណ៌ខៀវស្រងាត់ និងពុះជ្រែកផ្ទាំងថ្មតូចធំទាំងឡាយ ពិតជាអំណោយផលដល់ការងូតទឹកលេង ការបោះតង់ និងសម្បូរដោយប្លង់ថតរូបស្អាតៗជាច្រើនកន្លែងផងដែរ។ បន្ថែមពីនេះ យើងក៏សង្កេតឃើញមានវល្លិ៍ឈើ និងដើមឈើធំៗ មានកម្ពស់ខ្ពស់ និងមានអាយុកាលយូរឆ្នាំណាស់មកហើយ កំពុងឈរបង្អួតរាងយ៉ាងអង់អាចកណ្តាលព្រៃក្រាស់នេះ។ ជាពិសេស ទីនោះក៏មានរូបព្រះពុទ្ធបដិមាមួយចំនួនត្រូវបានគេយកមកតម្កល់ទុកនៅក្បែរនោះផងដែរ។ 

ទឹកធ្លាក់ដំណាក់ព្រះ មានទីតាំងស្ថិតនៅលើទឹកដីភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅតំបន់ទឹកធ្លាក់វាលពួច ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងតាមផ្លូវដែលមានដោតទង់ជាតិ និងទង់សាសនាទុកសម្គាល់ផ្លូវរួចជាស្រេចដើម្បីឆ្ពោះទៅកាន់ទឹកធ្លាក់ដ៏ពិសិដ្ឋមួយនេះ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖  RS Gallery, Khüm Mïk ThüNä

ដំណើរផ្សងព្រេង
ទឹកធ្លាក់
ថតរូប
ភ្នំ
ហែលទឹកជ្រោះ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាទីជនបទ