រមណីយដ្ឋានម្លប់កោងកាង
នៅខេត្តកំពតមានកន្លែងដើរលេងជាច្រើនមិនថាជាតំបន់ភ្នំ ឬ ប៉ែកសមុទ្រនោះទេ ជាពិសេសខាងភូមិក្តាត ពិតជាសម្បូរដោយរមណីយដ្ឋានដែលមានទេសភាពស្អាតៗ ដូចជាម្លប់កោងកាងជាដើម។ ម្លប់កោងកាង ជារមណីយដ្ឋានបែបកែច្នៃដែលមានទីធ្លាធំទូលាយ និងមានការតុបតែងឡើងតាមបែបជនបទ អមដោយដើមដូងដុះជាជួរ និងដើមកោងកាង ជាពិសេសស្ថិតនៅជាប់មាត់សមុទ្រ ធ្វើអោយយើងអាចអង្គុយស្រូបយកខ្យល់អាកាស គយគន់ថ្ងៃលិច មើលទូកនេសាទ ថតរូបលេង និងអាចដើរកាត់តាមស្ពានឈើឆ្ពោះទៅកាន់ផ្ទាំងថ្មដ៏ធំមួយដែលជាកន្លែងថតរូបដ៏ស្រស់ស្អាត។
សម្រាប់ទីនេះ យើងអាចចូលលេងបានដោយសេរី ហើយទីនេះក៏មានបម្រើសេវាកម្មផ្នែកម្ហូបអាហារដ៏ឆ្ងាញ់ពិសាថែមទៀតផង។ ប្រសិនបើភ្ញៀវទេសចរមានម្ហូបអាហាររបស់ខ្លួនឯងស្រាប់ យើងក៏អាចជួលជាកញ្ចុះសម្រាប់អង្គុយញុាំផងដែរ។ ម្លប់កោងកាង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ3 ចម្ងាយប្រហែល 21គីឡូម៉ែត្រពីទីរួមខេត្ត ក្បែរស្ពានព្រែកក្តាត ក្នុងភូមិក្តាត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ Mangrove Shade Camping