ភ្នំទទុង មានទីតាំងស្ថិតនៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានចម្ងាយប្រហែល ៥៦គីឡូម៉ែត្រពីទីរួមខេត្ត។ ភ្នំនេះមានសម្រស់ស្រស់ស្អាត ដោយមានភ្នំតូចធំ និងសម្បូរដោយវាលស្រែរាប់សិបហិកតាព័ទ្ធជុំវិញដាច់កន្ទុយភ្នែក ព្រមទាំងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិជាខ្លាំងព្រោះទីនេះគឺមានប្រាសាទបុរាណស្ថិតនៅលើភ្នំ និងជាភ្នំថ្មកំបោរផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងល្អាងភ្នំនេះមានប្រាសាទបុរាណមួយឈ្មោះថា គុហារព្រះគិរីស្រះស្រង់ ឬ ប្រាសាទភ្នំទទុង កសាងឡើងក្នុងសតវត្សទី៧នៃគ្រឹស្តសករាជ។ ថ្មីៗនេះក្រសួងបរិស្ថាន បានសហការណ៍ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជន នឹងស្នើរសុំរដ្ឋាភិបាលបង្កើត «តំបន់អភិរក្សបេតិកភណ្ឌ» នៅទីតាំងដែលមានប្រាសាទខាងលើ សម្រាប់ជាកេរមរតកទុកសម្រាប់មនុស្សជាតិនៅជំនាន់ក្រោយៗ។
ប្រភព៖ ប្រជាប្រិយ













