ដំណាក់ព្រះបាទមុនីវង្ស ឬ ដំណាក់ស្តេច
ព្រះរាជដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្ដេច គឺជាសំណង់អគារដ៏មានវ័យចំណាស់មួយក្នុងចំណោមអគារដទៃទៀតដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ដែលបច្ចុប្បន្នត្រូវបានជួសជុលឡើងវិញដោយក្រុមហ៊ុនឯកជន។ តាមរយៈចំណារប្រវត្តិសាស្រ្តបានបង្ហាញថានៅក្នុងឆ្នាំ 1917 ភ្នំបូកគោត្រូវបានរកឃើញដោយជនជាតិបារាំង រួចត្រូវបានអភិវឌ្ឍឱ្យទៅជារមណីយដ្ឋាននៅឆ្នាំ 1921 នារជ្ជកាលព្រះបាទស៊ីសុវត្ថិសម្រាប់ជាទីកន្លែងកម្សាន្តដ៏ល្បីល្បាញនៃអភិជនបារាំង និងរាជវង្សានុវង្ស ដោយបានសាងសង់ជាសំណង់អគារជាច្រើនកន្លែងនៅលើភ្នំ។ ក្នុងនោះដែរក៏មានព្រះរាជដំណាក់របស់ព្រះបាទមុនីវង្សផងដែរដោយបានដាក់ឈ្មោះជាភាសាបារាំងធំៗថា RESIDENCE DE S.M. MONIVONG ដែលជាទីសម្រាកកម្សាន្តពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។
នៅក្នុងពេលដែលប្រទេសទទួលការឈ្លានពានពីសំណាក់បរទេស ព្រះរាជសុខភាពរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សមានសភាពទ្រុឌទ្រោម ទើបទ្រង់សព្វព្រះរាជហឬទ័យសម្រាកពីព្រះរាជកិច្ច និងយាងទៅកាន់ព្រះរាជដំណាក់នៅលើភ្នំបូកគោនៅចុងឆ្នាំ១៩៤១ និងបានសោយទិវង្គតនៅទីនោះក្នុងព្រះជន្មាយុ ៦៦វស្សានៃឆ្នាំតែមួយ។ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ រាជការបានកែប្រែព្រះរាជដំណាក់នេះទៅជាអគារសាលាក្រុងបូកគោវិញ។ ចំណែកឯភ្នំបូកគោបានដាក់ឈ្មោះជាឧទ្យានជាតិព្រះមុនីវង្សវិញនៅឆ្នាំ១៩៩៣ ដោយសារវាជាទីដែលទ្រង់ចូលចិត្តទៅកម្សាន្ត និងបានកសាងស្នាដៃជាច្រើននៅទីនោះ។
ព្រះរាជដំណាក់នេះស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ម៉ែត្រសង់ឡើងនៅក្បែរមាត់ជ្រោះ មានអាកាសធាតុត្រជាក់បង្គួរ អាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក រុក្ខជាតិរីកស្រស់គ្រប់រដូវ និងអាចគយគន់ព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ ដំណាក់នេះមានទំហំធំដោយមានបន្ទប់ផ្ទុំ ចង្រ្កានបាយ និងកន្លែងលម្ហែដាច់ដោយឡែកពីគ្នាក៏ដូចជាមានសំណង់បាក់បែកមួយកន្លែងដែលអាចជាភោជនីយដ្ឋាន និងសំណង់បណ្ណាល័យនៅជិតច្រកចូលផងដែរ។ ដំណាក់ព្រះបាទមុនីវង្សស្ថិតនៅចម្ងាយប្រមាណ 2គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត។ ភ្ញៀវទេសចរណ៍អាចទៅទស្សនាបានដោយផ្លូវធ្វើដំណើរមានលក្ខណៈងាយស្រួលមិនមានការលំបាកឡើយ។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា