ការចូលរួមដ៏ផុសផុលក្នុងវិស័យកីឡាបាល់ទាត់របស់បងប្អូនខ្មែរ-ឥស្លាមនៅខេត្តកំពត
ក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា នៅតំបន់ដែលមានបងប្អូនខ្មែរ-ឥស្លាមរស់នៅ តែងតែមានសកម្មភាពកីឡាបាល់ទាត់ដ៏ផុសផុលនៅតំបន់នោះ។ ជាក់ស្តែង តំបន់ខ្លះតែងតែរៀបចំការប្រកួតពានរង្វាន់ប្រចាំភូមិ/ឃុំរបស់ពួកគាត់ទៀតផង។ ទន្ទឹមនឹងនេះ ទោះបីជាគ្មានការប្រកួតពានរង្វាន់ ក៏ពួកគាត់មានសកម្មភាពប្រកួតមិត្តភាពជារឿយៗផងដែរ។ កត្តាទាំងនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ជួយបណ្តុះបណ្តាលកីឡាករខ្មែរ-ឥស្លាមអោយក្លាយជាកីឡាករដែលមានសមត្ថភាព និងភាគច្រើនជោគជ័យក្នុងវិស័យមួយនេះ។

ជាក់ស្តែង បើយើងក្រឡេកទៅមើលក្រុមមួយដែលចូលរួមក្នុងពានរង្វាន់មហាជនថ្នាក់ខេត្ត ឆ្នាំ២០២២ ដែលមានមូលដ្ឋាននៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត គឺ ក្រុមបាល់ទាត់រាជសីហ៍កំពង់សំរោង ដែលមកពីភូមិឥស្លាមបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លាក្នុងពានរង្វាន់ថ្នាក់ខេត្ត ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដោយបានយកឈ្នះក្រុមស្នងការនគរបាលខេត្តកំពតដែលជាក្រុមខ្លាំងមួយមានឈ្មោះបោះសំលេងក្នុងខេត្ត ដោយលទ្ធផល ៣ទល់នឹង២ យកឈ្នះក្រុមបាល់ទាត់ឥន្ទ្រីខ្មៅ ដោយលទ្ធផល ៨ទល់០ និងបានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យព្រែកត្នោតដោយលទ្ធផល ៣ទល់នឹង២ និងប្រកួតចាញ់ក្រុមបាល់ទាត់បូកគោ ដោយលទ្ធផល ២ទល់៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថ្វីត្បិតតែក្រុមបាល់ទាត់នេះមិនបានទទួលជោគជ័យក្នុងពានរង្វាន់នេះក៏ដោយ ប៉ុន្តែទម្រង់លេងរបស់ពួកគាត់ល្អ គួរអោយកត់សម្គាល់ និងលេងមានកម្លាំងពោរពេញដោយទំនុកចិត្ត។ ពេលក្រុមពួកគាត់ប្រកួតមានអ្នកគាំទ្រមកពីភូមិរបស់ពួកគាត់មកលើកទឹកចិត្តយ៉ាងច្រើនកុះករពេញទីលាន ព្រមទាំងស្រែកហ៊ោរកញ្ជៀវអឺងកងមិនចេះដាច់។
.jpg)
គួរបញ្ជាក់ផងដែរថា ពានរង្វាន់មហាជនថ្នាក់ខេត្តឆ្នាំ២០២២ មានក្រុមចូលរួមចំនួន ២៦ក្រុម។ ក្នុងនោះមានក្រុមមកពីភូមិឥស្លាមលើសពីពាក់កណ្តាលនៃក្រុមដែលបានចូលរួមប្រកួត។ នេះបញ្ជាក់អោយឃើញថាបងប្អូនខ្មែរ-ឥស្លាមនៅខេត្តកំពតយើងពិតជាបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យកីឡាបាល់ទាត់ពិតប្រាកដមែន និងជាផ្នែកមួយជួយលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាយើងផងដែរ។
អត្ថបទដោយ៖ ឡេះ ហ្វើត
អត្ថបទបន្ទាប់







