ដំណឹងល្អ! ឆាប់ៗនេះខេត្តកំពតនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
តាមរយៈការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត បានជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតមេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាពេលខាងមុខ រដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ដើម្បីញុាំងបរិយាកាសនៃកម្មវិធីខាងលើអោយកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពតក៏បានត្រៀមរៀបចំការសម្តែងសិល្បៈ តន្ត្រី ប្រពៃណី និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ។
ទន្ទឹមនេះ រដ្ឋបាលខេត្តមានកិត្តិយសគោរពអញ្ជើញ សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងក្រៅខេត្ត មកទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត និងក្រៅខេត្ត មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមអោយបានច្រើនកុះករកុំបីអាក់ខាន និងចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នា។
ប្រភព៖ រដ្ឋបាលខេត្តកំពត