រមណីយដ្ឋានធម្មជាតិម្លេច
រមណីយដ្ឋានធម្មជាតិម្លេច Mlech Adventure គឺជារមណីយដ្ឋានបែបកែច្នៃមួយកន្លែងដែលបង្កើតឡើងនៅលើផ្ទៃទឹកក្នុងតំបន់បឹងម្លេច មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ជាប់ព្រំប្រទល់ខេត្តតាកែវ ចុះពីផ្លូវជាតិលេខ ៣ ប្រហែល ៥.៨គីឡូម៉ែត្រ។
រមណីយដ្ឋានមួយនេះបានបើកទទួលភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើនកុះករ ដោយសារតែទីនេះមានការរៀបចំឡើងយ៉ាងស្រស់ស្អាត មានភាពច្នៃប្រឌិត និងទីតាំងល្អ ព័ទ្ធជុំវិញដោយជួរភ្នំ និងសម្បូរដោយរុក្ខជាតិបៃតងដុះត្រៀបត្រា។
ជាមួយគ្នានេះដែរ ភ្ញៀវទេសចរអាចលេងកម្សាន្តសប្បាយជាមួយនឹងសកម្មភាពជាច្រើននៅទីនេះដូចជា ជិះទូកកាយ៉ាក ជិះទូកទេសចរណ៍គយគន់ទេសភាពជុំវិញបឹង បាញ់ធ្នូ ដើរលើស្ពានឈើ ផឹកកាហ្វេ មើលថ្ងៃលិច ទទួលទានអាហារបែបជនបទ បោះតង់ និងថតរូបលេងជាមួយនឹងទីធ្លាដ៏ធំទូលាយ ស្អាតត្រជាក់ភ្នែក លំអដោយសួនផ្កា វាលស្មៅ ទឹកបឹង ជួរភ្នំ កញ្ចុះសង់ឡើងជាជួរលើទឹក និងកន្លែងចតរថយន្តធំទូលាយប្រកបដោយសុវត្ថិភាព។
អត្ថបទដោយ៖ ឡុង ថុនី