ប្រវត្តិក្រុងកំពត
ក្នុងសម័យព្រះបាទអង្គឌួង នៅខេត្តកំពតមានចៅហ្វាយខេត្តឈ្មោះ ថុង មាននិវេសនដ្ឋាននៅភ្នំស ចម្ងាយ ២គមពីក្រុងកំពត ហើយទីនោះមានឃ្លាំងផ្ទុកទំនិញជាច្រើន(ចន្លោះឆ្នាំ១៨៤៤ ដល់ឆ្នាំ១៨៦៣)។ នៅឆ្នាំ១៨៥៩ ព្រះបាទអង្គឌួងបានបញ្ជាឲ្យចៅហ្វាយខេត្តកំពតសង់ផ្ទះមួយសម្រាប់ទទួលជនជាតិបរទេស (អ៊ឺរុប) ធ្វើអំពីឈើប្រក់ស្បូវ ខាងក្រោមរៀបថ្ម ស្ថិតនៅភូមិត្រពាំងស្វាយដែលជាប់នឹងភូមិយួនមួយឈ្មោះ តៀន ថាញ់ Tean Thanh ត្រើយកោះ។ ភូមិតៀនថាញ់នេះស្ថិតនៅចំពីមុខភូមិព្រៃស្រុក ត្រើយខាងស្តាំនៃដៃព្រែកកំពត។
ប្រជាជនចិន យួន បានសង់ផ្ទះនៅភូមិព្រៃស្រុកតាមមាត់ព្រែកខាងស្តាំ ចាប់ពីអណ្តូងខ្មែររហូតទល់មុខកោះធំ។ មានផ្ទះតូចៗសង់ជាកំប៉េតកំប៉ូត លក់ដូរសម្រាប់ភ្ញៀវបរទេសឡើងពីកប៉ាល់ និងរកស៊ីនេសាទសមុទ្រ។ សម័យអាណានិគមបារាំង ខេត្តកំពតមានរ៉េស៊ីដង់បារាំងទី១ ឆ្នាំ១៨៨៤-១៨៨៥ ឈ្មោះ ម៉ាកង់ (Marquant) ដែលមានទីតាំងនៅត្រើយកោះតាមមាត់ព្រែកពីខាងឆ្វេងចាប់ពីខាងលិចវត្តត្រើយកោះរហូតជិតដល់ភ្នំដូង។ ទឹកដីត្រើយកោះព្រះមហាក្សត្រ នរោត្តម បានឡាយព្រះហត្ថលេខាសន្ធិសញ្ញាចុះថ្ងៃទី១២ ខែមេសា ឆ្នាំ១៨៨២ ប្រគល់ទឹកដីត្រើយកោះទៅឲ្យពួកបារាំងកាន់កាប់លើកលែងតែប្រជាជន និងពន្ធដារប៉ុណ្ណោះ។
ក្រោយពីមានការបះបោរឆ្នាំ១៨៨៥-៨៦មក ពួកបារាំងមានការមិនសប្បាយចិត្តនឹងប្រជាជននៅទីនោះ បានដុតភូមិខ្មែរមួយចោល រួចបារាំងប្តូរទីតាំងធ្វើការមកនៅភូមិកំពង់បាយ (ក្រុងកំពតបច្ចុប្បន្នឆ្នាំ១៨៨៩) ដែលមានរ៉េស៊ីដង់បារាំងឈ្មោះ អាត់ដេម៉ា ឡឺឃ្លែ័រ (Adhémard Leclere) គ្រប់គ្រងខេត្តកំពត ពីឆ្នាំ១៨៨៦-១៨៩០ អមដោយចៅហ្វាយខេត្តខ្មែរឈ្មោះ ឃួន ដែលមាននិវេសនដ្ឋាននៅម្តុំអណ្តូងខ្មែរ។ ក្រោយមកភូមិកំពង់បាយក្លាយទៅជាទីក្រុងកំពត (Centre urbain) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩០១ ដែលមានចៅហ្វាយខេត្តខ្មែរឈ្មោះខៀវ។
ក្នុងឆ្នាំ១៩០៧ គេបានធ្វើប្លង់ផ្លូវក្នុងក្រុង និងបានតបណ្តាញទឹកពីទឹកឈូដោយប្រើបំពង់ដីដុត (une conduite en terre cuite) ដល់ឆ្នាំ១៩១០ គេប្តូរដាក់បំពង់ដែកវិញ។ គួររំលឹកថាប្រហែលឆ្នាំ១៨៩០ Jacues Waubert បានសរសេរក្នុងសៀវភៅរបស់គាត់ចំណងជើង “កម្ពុជា” រៀបរាប់ពីទីក្រុងកំពតស្ថិតនៅតាមបណ្តោយព្រែកកំពតចម្ងាយ ៣គមពីសមុទ្រគឺជាទីក្រុងទី២នៃព្រះរាជាណាចក្រកម្ពុជា ហើយជាកន្លែងនាំចេញនាំចូលនូវផលិតផលតាមច្រកកំពង់ផែកំពតនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនាដោយសេរី
null
$0.00