ភូមិចាស់

មកស្គាល់គោលដៅទេសចរណ៍បែបធម្មជាតិ-កែច្នៃមួយកន្លែង ទើបនឹងបើកដំណើរការថ្មីៗនៅលើទឹកដីខេត្តកំពត នោះគឺ ភូមិចាស់។ ភូមិចាស់ មានលក្ខណៈជាភូមិលំហែ លាតសន្ធឹងនៅលើផ្ទៃដីប្រមាណ ១០ហិចតា។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ឆ្ពោះពីក្រុងកំពតទៅភ្នំពេញប្រហែល 8គីឡូម៉ែត្រ រួចបត់ឆ្វេងចូលតាមផ្លូវលំក្រហមប្រហែល ១.៧ គីឡូម៉ែត្រទៀត យើងនឹងបានទៅដល់ទីនោះតែម្តង។

ភូមិលំហែនេះត្រូវបានរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិត ផ្សាភ្ជាប់ជាមួយធម្មជាតិ និងមានលក្ខណៈបែបជនបទ។ នៅលើទីធ្លាដ៏ធំទូលាយនេះ សម្បូរដោយរុក្ខជាតិបៃតងតូចធំ ដុះលំអពេញសួន ផ្តល់ម្លប់ត្រឈឹងត្រឈៃ មានស្រះទឹក ស្ពានឈើ និងមានអង្រឹងសម្រាប់គេងក្រោមម្លប់ឈើ ស្រូបខ្យល់អាកាសបរិសុទ្ធ ក្នុងបរិយាកាសបែបស្ងប់ស្ងាត់ ធ្វើអោយយើងនឹកឃើញដល់ជីវិតកាលវ័យកុមារភាព នៅតាមស្រុកស្រែជនបទ។
.jpg)
ក្នុងនោះ ភូមិចាស់ក៏មានបម្រើសេវាកម្មកាហ្វេ អាហារ និងកន្លែងស្នាក់សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៍ កន្លែងលក់អាហារនៅទីនេះ ត្រូវបានតុបតែងឡើងបែបជំនាន់មុន លំអដោយឧបករណ៍នេសាទ ឧបករណ៍ភ្លេងខ្មែរ និងរបស់របបប្រើប្រាស់ប្រចាំថ្ងៃមួយចំនួននៅអតីតកាល ហាក់ឆ្លុះបញ្ចាំងពីតថភាព និងជីវិតរស់នៅរបស់ប្រជាជនខ្មែរនាសម័យនោះ។

ទីនេះសាកសមបំផុតសម្រាប់ការសម្រាកលំហែកាយ ជួបជុំគ្នា អង្គុយជជែកគ្នាលេង រំលឹកអនុស្សាវរីយ៍ពីអតីតកាល ធ្វើអោយយើងទទួលបានអារម្មណ៍ស្រស់ស្រាយថែមមួយកម្រិតទៀត។ កុំភ្លេចណា៎! មកលេងកំពត ឈៀងចូល ភូមិចាស់ បន្តិច ដើម្បីបន្ថែមថាមពលអោយជីវិត។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ ភូមិចាស់-Phum Chas




















