ផ្លូវវាងក្រុងរបស់ខេត្តកំពត ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ បន្ទាប់ពីរងការខូចខាតខ្លាំង
ដោយបានការចង្អុលបង្ហាញពី ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត បានចុះផ្តិតយករូបភាពនៃសកម្មភាពជួសជុលផ្លូវវាងក្រុង ដែលក្រុមហ៊ុន អ៊ឹង ស៊ីម ស៊ា ខនស្ត្រាក់សិន ទទួលបានសិទ្ធិក្នុងការជួសជុល ដោយក្រាលកៅស៊ូ DBST ហើយផ្លូវមួយខ្សែនេះ មានប្រវែង ៣.៦៧០ម (ទទឹង ១១ម មានប្រវែង ៣.១២៥ម និង១៧ម មានប្រវែង ៥៤៥ម)។
សូមជម្រាបថា កន្លងមកផ្លូវវាងក្រុងនេះបានទទួលរងការខូចខាតទាំងស្រុង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនអាជីវករដែលប្រកបមុខរបរដឹកជញ្ជូនទំនិញផ្សេងៗ ឆ្លងកាត់កំណាត់ផ្លូវនេះ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន អ៊ឹង ស៊ីម ស៊ា ខនស្ត្រាក់សិន បានបើកការដ្ឋានធ្វើការជួសជុលកំណាត់ផ្លូវនេះឡើងវិញ ហើយសង្ឃឹមថាក្នុងរយៈពេលដ៏ខ្លីខាងមុខនឹងរួចរាល់ ហើយបានដាក់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍អាចធ្វើដំណើរឆ្លងកាត់ឡើងវិញ។
ប្រភព៖ រដ្ឋបាលខេត្តកំពត