មន្ទីរវប្បធម៌ខេត្តកំពតបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”
នាព្រឹកថ្ងៃនេះ មន្ទីរវប្បធម៌ខេត្តកំពតបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្តកំពត។
ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី០៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធ “ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិគឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជនកម្ពុជាដើម្បីរំលឹកដល់គុណូបការៈខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រលាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាអោយបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។