មកកំពតញឹកញាប់ចឹង! ស្គាល់ហាងកាហ្វេទាំង 13នេះទេ?
ក្រៅពីកន្លែងដើរលេងដ៏សម្បូរបែប កំពតនៅមានហាងកាហ្វេស្អាតៗជាច្រើនកន្លែងទៀត ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង។ ចង់ដឹងថាហាងកាហ្វេទាំងនោះមានចំណុចពិសេសបែបណាខ្លះ មកធ្វើការស្វែងយល់ទាំងអស់គ្នា។
1. Lotus cafe
ជាហាងកាហ្វេមួយកន្លែងដែលត្រូវបានរៀបចំឡើងយ៉ាងមានផាសុកភាព ល្អសម្រាប់អ្នកពិភាក្សាការងារ រឺធ្វើកិច្ចការសាលាផ្សេងៗ។ នៅទីនេះ យើងអាចសាកភ្លក់ជាមួយនឹង “កាហ្វេអំបិល” ដែលជាភេសជ្ជៈថ្មី ផ្សំឡើងដោយរូបមន្តពិសេសរបស់ហាងផ្ទាល់។ ទីតាំងស្ថិតនៅក្នុងក្រុងកំពត ងាយស្រួលធ្វើដំណើរ មិនចំណាយពេលយូរ ជាពិសេស មានសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃក្នុងក្រុងផងដែរ។
អំពីទីនេះ៖ https://www.visitkampot.info/106/lotus-café
2. Garden Coffee and Bakery
បើអ្នកចូលចិត្តហាងកាហ្វេដែលសម្បូរដោយរុក្ខជាតិបៃតង អាចមក Garden Coffee and Bakery បាន។ ទីនេះមានកន្លែងអង្គុយលក្ខណៈបែប Indoor និង Outdoor មានរុក្ខជាតិ និងអាងចិញ្ចឹមត្រី។ បរិយាកាសនៅទីនេះសាកសមសម្រាប់អ្នកពិភាក្សាការងារផ្សេងៗ និងអ្នកចូលចិត្តផឹកកាហ្វេ ថតរូបលេងជាដើម។
អំពីទីនេះ៖ https://www.visitkampot.info/148/garden-coffeebakery
3. Analog coffee and eatery
ទីនេះជាហាងកាហ្វេដែលមានរចនាបថបែបទំនើប តុបតែងឡើងក្នុង Concept ពណ៌ស លាយជាមួយរុក្ខជាតិបៃតងតិចៗ រំលេចសោភ័ណភាពយ៉ាងស្រស់ស្អាត ត្រូវជាមួយអ្នកចូលចិត្តថតរូបលេងទាំង Indoor និង Outdoor។
អំពីទីនេះ៖ https://www.visitkampot.info/470/analog-coffee-and-eatery
4. ភូមិចាស់-Phum Chas
ជាហាងកាហ្វេបែបធម្មជាតិ ស្ថិតនៅភូមិលំហែដ៏ធំទូលាយមួយកន្លែង សម្បូរដោយរុក្ខជាតិ មានស្រះទឹក និងសួនច្បារ។ ទីនេះត្រូវបានរៀបចំឡើងតាមបែបផ្ទះចាស់ៗនៅតាមជនបទ លំអដោយឧបករណ៍ប្រើប្រាស់នៅជំនាន់មុន។ ភូមិចាស់-Phum Chas ល្អសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ លំហែកាយ សាកថ្មជីវិត និងរំលឹកអនុស្សាវរីយ៍កាលវ័យកុមារ។
អំពីទីនេះ៖ https://www.visitkampot.info/663/phum-chas-coffee
5. ជ្រលងបៃតងវាលពួច
ផឹកកាហ្វេក្នុងក្រុងបែប Indoor & Outdoor អីធ្លាប់អស់ហើយ។ ចុះផឹកកាហ្វេក្បែរទឹកធ្លាក់វិញ? នៅ ជ្រលងបៃតងវាលពួច អ្នកទាំងអស់គ្នាអាចអង្គុយផឹកកាហ្វេ គយគន់ទឹកធ្លាក់ហូរក្រោមស្ពានយោល នៅកណ្តាលធម្មជាតិដ៏ស្រស់បំព្រង។ ទីនេះល្អសម្រាប់ការលំហែកាយ កាត់បន្ថយភាពធុញថប់។
អំពីទីនេះ៖ https://www.visitkampot.info/512/green-valley-veal-pouch-restaurant
6. វេហា
អ្នកណាខ្លះមានរឿងក្នុងចិត្ត ចង់ស្រែកប្រាប់វេហា? វេហា ជាហាងកាហ្វេលើកូនភ្នំមួយកន្លែង ដែលយើងអាចគយគន់ទេសភាពយ៉ាងស្រស់ស្អាតនៃទិដ្ឋភាពទាំងមូលនៃតំបន់នោះរួមមាន ជួរភ្នំ ទំនប់ទឹក វាលស្រែ និងចម្ការរបស់អ្នកស្រុកជាដើម។ ទីនេះសាកសមសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ ថតរូបលេង មើលថ្ងៃលិច រំសាយរឿងក្នុងចិត្ត។
អំពីទីនេះ៖ https://www.visitkampot.info/584/veha
7. កាហ្វេឃ្លាំងអំបិល
មកកំពត ធ្លាប់ទៅលេងស្រែអំបិលអត់? មក កាហ្វេឃ្លាំងអំបិល បានទាំងផឹកកាហ្វេ និងមើលទេសភាពស្រែអំបិលផ្ទាល់តែម្តង។ ជាទូទៅ យើងអាចទស្សនាការធ្វើស្រែអំបិលនៅរដូវប្រាំង ជាពិសេសអ្នកទាំងអស់គ្នាក៏អាចទិញផលិតផលអំបិលដែលដាក់លក់នៅទីនេះផងដែរ។
អំពីទីនេះ៖ https://www.visitkampot.info/452/khleang-ambel-coffee
8. កាហ្វេ MOl
ធ្វើការហត់ ធុញថប់ ពេលខ្លះក៏ចង់សម្រាក លំហែអារម្មណ៍ ផឹកកាហ្វេ អង្គុយមើលថ្ងៃលិចបែបស្ងប់ស្ងាត់ តែមិនដឹងទៅកន្លែងណាមែនទេ? ហាងកាហ្វេ MOl ជាកន្លែងដ៏ល្អដែលអ្នកទាំងអស់គ្នា អាចអង្គុយផឹកកាហ្វេ គយគន់ទូកនេសាទតាមដងព្រែក មើលថ្ងៃលិច និងថតរូបស្អាតៗទុកជាអនុស្សាវរីយ៍។
អំពីទីនេះ៖ https://www.visitkampot.info/744/mol-cafe
9. Epic Arts Cafe
ជាហាងកាហ្វេមួយកន្លែងដែលមានទាំងកាហ្វេ ទាំងអាហារពេលព្រឹក បែបខ្មែរ និងបែបបរទេស។ ទីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។ រាល់ប្រាក់កម្រៃដែលទទួលបានពីការលក់នោះត្រូវបានយកទៅផ្គត់ផ្គង់នៅអង្គការជនពិការមួយកន្លែងនៅក្នុងខេត្តកំពត។ បើបានមកកំពត កុំភ្លេចឈៀងចូល Epic Arts Cafe ផងណា៎!
អំពីទីនេះ៖ https://www.visitkampot.info/466/epic-arts-cafÉ
10. Cafe Espresso Roastery Kampot
ថ្ងៃចុងសប្តាហ៍ ចង់ទៅហាងកាហ្វេណាដែលមានការរៀបចំប្លែកភ្នែក អាចសាកមក Cafe Espresso Roastery Kampot បាន។ ហាងនេះតុបតែងលំអដោយសម្ភារៈចាស់ៗមួយចំនួនកាលពីជំនាន់មុន។ ក្រៅពីកាហ្វេ ទីនេះក៏មានម្ហូបបែបអឺរ៉ុបជាច្រើនមុខ ជាពិសេសមានលក់គ្រាប់កាហ្វេដ៏មានគុណភាពផងដែរ។
អំពីទីនេះ៖ https://www.visitkampot.info/355/cafe-expresso-roastery-kampot
11. Artisans Kampot - អាទីហ្សង់កំពត
បើអ្នកចូលចិត្តទស្សនាអគារបែបសម័យអាណានិគមបារាំង នៅ Artisans Kampot - អាទីហ្សង់កំពត គឺជាគោលដៅដែលអ្នកមិនគួរមើលរំលង។ ទីនេះគឺជាហាងកាហ្វេ និងភោជនីយដ្ឋានក្នុងអគារដែលមានរចនាបថបែបសហសម័យ កែច្នៃពីផ្ទះលក់ដូរមួយនៅសម័យមុន ប្រែក្លាយជាអគារដ៏ស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍។ ជាពិសេស អ្នកទាំងអស់គ្នាក៏អាចរកទិញម្រេចកំពត ដែលជាម្រេចដ៏មានគុណភាពខ្ពស់នៅទីនេះផងដែរ។
អំពីទីនេះ៖ https://www.visitkampot.info/115/artisans-kampot
12. Corner Café
អ្នកចូលចិត្តផឹកកាហ្វេ ញុំានំ ជជែកគ្នាលេង អាចមក Corner Café បាន។ ហាងកាហ្វេនេះតុបតែងឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងការដេគ័របែបពណ៌ស អំណោយផលដល់ការថតរូបស្អាតៗ។
អំពីទីនេះ៖ https://www.visitkampot.info/607/corner-cafÈ
13. Ramy Bakery & Coffee
ទីនេះមានលក់កាហ្វេដ៏មានរសជាតិឈ្ងុយឆ្ងាញ់ប្រចាំខេត្ត ពេញនិយមទាំងសម្រាប់អ្នកកំពត និងភ្ញៀវទេសចរដែលមកពីបណ្តាខេត្តដទៃទៀត។ ក្រៅពីកាហ្វេ នៅ Ramy Bakery & Coffee ក៏មានលក់នំជាច្រើនរសជាតិទៀត ដែលយើងអាចញុំាបាន ជាមួយកាហ្វេ ជួយបន្ថែមរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
អំពីទីនេះ៖ https://www.visitkampot.info/432/ramy-bakerycoffee
អត្ថបទដោយ៖ ដែង សុជាតា