សកម្មភាពកម្សាន្តដែលអ្នកគួរសាកល្បង ពេលមកលេងកំពត
មិនបាច់ពិបាកគិតច្រើន មករីករាយជាមួយសកម្មភាពកម្សាន្តដ៏គួរអោយចាប់អារម្មណ៍ទាំង ១១ប្រភេទ ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បង ពេលមកលេងខេត្តកំពត។
1. ជិះទូកមើលអំពិលអំពែក
ជាសកម្មភាពកម្សាន្តដ៏ពេញនិយមបំផុតនៅតាមដងព្រែកកំពត។ ជាទូទៅ គេជិះទូកមើលអំពិលអំពែកនៅពេលល្ងាច និងពេលយប់។ តាមរយៈការជិះទូក អ្នកទាំងអស់គ្នាអាចគយគន់ទេសភាពតាមមាត់ព្រែក ញុំាអាហារលើទូក មើលថ្ងៃលិច និងមើលសត្វអំពិលអំពែកជាដើម។
លម្អិត៖ https://www.visitkampot.info/385/sunset-boat-tour
2. ជិះម៉ូតូកង់បួន
ធ្លាប់ជិះម៉ូតូកង់បួនអត់? បើមិនធ្លាប់ទេ អ្នកទាំងអស់គ្នាគួរតែសាកល្បងជិះអោយបានម្តង ព្រោះជាសកម្មភាពកម្សាន្តដ៏ប្លែកអារម្មណ៍មួយ។ គេនិយមជិះម៉ូតូកង់បួនតាមជើងភ្នំនៅតំបន់វាលពួច ជិះកាត់ភក់ ទស្សនាព្រៃភ្នំ និងថតរូបលេងជាក្រុម។
លម្អិត៖ https://www.visitkampot.info/353/quad-biking
3. ជិះណូរី
តោះមកជិះណូរីលេង ដឹងតែប្លែកអារម្មណ៍ហ្មង! ណូរីនេះគេជិះនៅលើផ្លូវដែកដែលមានប្រវែងជាង ៣គីឡូម៉ែត្រ កាត់តាមចម្ការ កន្លែងដាំបន្លែសេរីរាង្គ និងកសិដ្ឋានចិញ្ចឹមសត្វជាដើម។ សាកស្រមៃមើលថាស្រស់ស្រាយប៉ុណ្ណា?
លម្អិត៖ https://www.visitkampot.info/530/ណូរីភ្នំវល្លិ៍
4. ជិះរថភ្លើង
ចុងសប្តាហ៍ ណាត់គ្នាជិះរថភ្លើងលេងហី? បានទាំងជិះរថភ្លើង បានទាំងមើលទេសភាពតាមផ្លូវ ឃើញជួរភ្នំខ្ពស់ទាប វាលស្រែពណ៌ខៀវស្រងាត់នារដូវដកស្ទូង និងពណ៌លឿងទុំនារដូវច្រូតកាត់។ នេះជាពេលវេលាមួយដែលយើងអាចសម្រាកខួរក្បាល និងលំហែអារម្មណ៍។
លម្អិត៖ https://www.visitkampot.info/87/train
5. ជិះម៉ូតូឡើងភ្នំបូកគោ
ធុញថប់មែនទេ? តោះ! បបួលគ្នាជិះម៉ូតូឡើងភ្នំ ដឹងតាស៎ស្រស់ស្រាយហ្មង! នេះជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយក្នុងខេត្តកំពត។ ការជិះម៉ូតូ ល្អសម្រាប់អ្នកចូលចិត្តថតរូបតាមផ្លូវ ឃើញទីតាំងណាស្អាត អាចឈប់បានភ្លាមៗ ស្រួលថតរូបលេង។
ជួលម៉ូតូ៖ https://www.visitkampot.info/386/motorcycling-in-kampot
6. ជិះទូកកៃយ៉ាក
ជាសកម្មភាពកម្សាន្តដ៏ពេញនិយមមួយនៅតាមបណ្តោយដៃព្រែក។ យើងអាចជិះទូកគយគន់ទេសភាពដើមចាកដុះនៅសងខាង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ និងថតរូបលេងយ៉ាងសប្បាយរីករាយ។
លម្អិត៖ https://www.visitkampot.info/406/kayak-boat
7. ជិះស្គីតោងខ្លែង
ជាកីឡាដ៏កម្រមួយប្រភេទនៅប្រទេសកម្ពុជាយើង ហើយភាគច្រើនមានតែនៅតាមតំបន់សមុទ្រ ឬទន្លេតែប៉ុណ្ណោះ។ អ្នកទាំងអស់គ្នាអាចសាកល្បងបាននៅចន្លោះខែធ្នូ ដល់ ខែកុម្ភៈ ដែលជាខែមានខ្យល់ខ្លាំង អំណោយផលដល់ការលេងកីឡានេះ។
លម្អិត៖ https://www.visitkampot.info/99/kiteboarding
8. បាញ់ធ្នូ
ការកម្សាន្តមួយនេះបានជួយដល់ការផ្ចង់អារម្មណ៍របស់យើងអោយកាន់តែល្អប្រសើរ កាត់បន្ថយភាពស្មុគស្មាញ ទទួលបានបទពិសោធន៍ថ្មី ហើយក៏ជាការសាកល្បងថ្វីដៃសម្រាប់ខ្លួនឯងដូចគ្នា។
លម្អិត៖ https://www.visitkampot.info/674/archery
9. ជិះខ្សែរ៉ក
សម្រាប់អ្នកចូលចិត្តសាកល្បងសកម្មភាពកម្សាន្តដ៏ប្លែក អាចសាកជាមួយនឹងការជិះខ្សែរ៉កបាន។ អ្នកទាំងអស់គ្នាអាចជិះខ្សែរ៉កឆ្លងកាត់ដងព្រែកក៏បាន រឺជិះខ្សែរ៉កឆ្លងកាត់ព្រៃក៏បាន។
លម្អិត៖ https://www.visitkampot.info/384/rope-riding
10. ឡើងភ្នំថ្ម
តាមរយៈកីឡាបែបផ្សងព្រេងនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការទស្សនាទិដ្ឋភាពស្អាតៗដ៏កម្របានឃើញដូចជា ថ្មដុះ ថ្មសើម ថ្មរូបសត្វ វល្លិ៍ធម្មជាតិដែលដុះចាក់ឬសពីលើកំពូលភ្នំចុះមកដី និងមានសំណង់ប្រាសាទបាក់បែកខ្លះៗផងដែរ។
លម្អិត៖ https://www.visitkampot.info/519/rock-climbing
11. ជិះម៉ូតូទឹក
ជិះម៉ូតូ ជិះកង់ ធ្លាប់អស់ហើយ ចុះម៉ូតូទឹកវិញ ធ្លាប់ជិះនៅ? ការជិះម៉ូតូទឹកគឺជាសកម្មភាពកម្សាន្តដ៏ថ្មីប្លែកអារម្មណ៍មួយ ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បង។ យើងអាចជិះលេងកម្សាន្ដបែបលំហែកាយ គយគន់ទេសភាពនៅតាមដងព្រែក ធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងជួយកាត់បន្ថយភាពហត់នឿយ។
លម្អិត៖ https://www.visitkampot.info/117/riding-a-jet-ski
អត្ថបទដោយ៖ ដែង សុជាតា