...

...

...
...

...

...

...

657

នៅកំពតយូរហើយដឹងអត់ថាមានរោងកុនប៉ុន្មាននៅកំពត ចន្លោះពីឆ្នាំ 1960-1973

អំពី

ទំនាក់ទំនង

24/08/2023

 

នៅចន្លោះឆ្នាំ 1960-1973 ខេត្តកំពតមានរោងកុន គឺរោងកុនរ៉ូយ៉ាល់ Royal រោងកុនសន្តិភាព រោងកុនមានគង់ និងរោងកុនសែនមនោរម្យ។ រោងកុនដែលចាស់ជាងគេ គឺរោងកុនរ៉ូយ៉ាល់ ហើយរោងកុនដែលសង់ក្រោយគេបង្អស់នៅពាក់កណ្ដាលទសវត្សរ៍ ៦០ គឺរោងកុនសែនមនោរម្យ។ 

 

រោងកុនទាំងចូលចិត្តលេងរឿងផ្សេងៗពីគ្នា ដូចជា ៖ 
1. រោងកុនរ៉ូយ៉ាល់  ROYAL 

លេងតែរឿងឥណ្ឌា ក្នុងទសវត្សរ៍៦០។ លើកលែងតែពេលចូលឆ្នាំចិន គេលើកបញ្ចាំងច្រើនរឿង មានរឿងចិន និងខ្មែរដែរ។ 

 

2. រោងកុនសន្តិភាព

ចូលចិត្តលេងរឿងខ្មែរ។ រោងកុនរ៉ូយ៉ាល់ និងរោងកុនសន្តិភាពមានម្ចាស់ថៅកែតែមួយ។ រឿងខ្មែរល្បីៗដូចជា រឿងវិលវិញណាបង រឿងអកលាទ្រនំ រឿងអាជ័យមេរោត រឿងសព្វសិទ្ធ រឿងពស់កេងកង រឿងកាប់ត្រើយមហាស្រណោះទេពសិដាចន្ទ័-ល-។ ជួនក៏មានលេងរឿងចិនដែរ តែនៅតិចណាស់ក្នុងទសវត្សរ៍៦០។ នៅពេលនោះ រឿងចិនហុងកុង Saw Brother ដូចជា រឿងវិមានផ្កាឈូកក្រហម  Temple of the Red Lotus បានបញ្ចាំងលេងនៅរោងសន្តិភាព កាលរោងកុនមានគង់មិនទាន់យកមកលេងផ្ដាច់មុខផលិតកម្ម Saw Brother។ មកដល់ដើមឆ្នាំ ១៩៧០ ទើបរោងកុនសន្តិភាពយករឿងចិន ថៃ មកបញ្ចាំងលេងញឹកញាប់ ដូចជារឿងចិនដ៏ល្បីសែនកំសត់ រឿងអូនឈឺចិត្តណាស់ ដែលចាក់ចូលចម្រៀងដ៏ល្បីៗ ចម្រៀងលាគ្នា រឺហៅថា Minato Machi Blues និងស្រាមួយកែវលើកជូនសង្សារ ដែលបកច្រៀងក្រោមសំនៀងអ្នកនាង រស់សេរីសុទ្ធា។ នៅក្នុងទសវត្សរ៍៦០ មុនសង់រោងកុនសែនមនោរម្យ រោងកុនសន្តិភាពក៏មានលេងរឿងបារាំង និងរឿងអាមេរិកដែរ។  


3. រោងកុនមានគង់ 

ជារោងកុនដ៏ល្អជាងគេនៅកំពតនាសម័យនោះ មានទំហំធំជាងគេ និងមានជាន់ខាងលើទៀត។ នៅទសវត្សរ៍៥០ រោងកុនមានគង់ ចូលចិត្តលេងរឿងបារាំង និងរឿងអាមេរិកណាស់។ រហូតចូលទសវត្សរ៍៦០ រោងកុននេះលេងរឿងចិនហុងកុង ផលិតកម្ម Saw Brother ផ្ដាច់មុខគេតែម្ដង។ 

 

4. រោងកុនសែនមនោរម្យ 

សង់ក្រោយគេបង្អស់នៅពាក់កណ្ដាលទសវត្សរ៍ ៦០។ ម្ចាស់រោងកុនសែនមនោរម្យជាជនជាតិខ្មែរកាត់ចិន មានហាងជំនួញនៅក្រុងកំពត។ មុនបញ្ចាំងរឿង មានអ្នកលក់លើកទឹកក្រូចដល់កន្លែងផងដែរ។ រោងកុននេះលេងរឿងគ្រប់បែប នៅមុនឆ្នាំ១៩៧០ និយមលេងរឿងបារាំងណាស់។ នៅពេលស្រុកច្បាំងចាប់ពីឆ្នាំ១៩៧០ និយមយករឿងចិនតៃវ៉ាន់មកបញ្ចាំងវិញ ។ 

ជាទូទៅ កុនចាប់ផ្ដើមលេងនៅម៉ោង ៩ព្រឹក ២រសៀល ៧ល្ងាច និងម៉ោង ៩យប់ចុងក្រោយ។ នៅពេលស្រុកច្បាំងនៅទសវត្សរ៍៧០ កុនបញ្ចាំងនៅម៉ោង ៩ព្រឹក ១២ថ្ងៃត្រង់ និង ២រសៀល។ តម្លៃសំបុត្រកុននៅកំពតមុនឆ្នាំ ១៩៧០ មួយថ្លៃ ២១៛, ១៨៛, ១១៛ ដោយជំនាន់នោះ គុយទាវមួយចានតម្លៃ ៥៛(គុយទាវហាង)។  


ស្រាវជ្រាវ និងរៀបចំអត្ថបទដោយ៖ ឡេះ ហ្វើត