មកស្គាល់ទីតាំងដែលគួរអោយចាប់អារម្មណ៍ពេលទៅលេងភ្នំបូកគោ
ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយកន្លែងក្នុងខេត្តកំពត។ នៅលើភ្នំនេះមានទីតាំងដ៏គួរអោយចាប់អារម្មណ៍ជាច្រើនដែលយើងគួរតែទស្សនា មានទាំងធម្មជាតិ ទឹកជ្រោះ បឹងលើភ្នំ សំណង់អគារសម័យបារាំង និងទីតាំងទេសចរណ៍ជាច្រើនទៀត។ ខាងក្រោមនេះគឺជា13 កន្លែងដែលអ្នកគួរទស្សនាពេលទៅលេងនៅភ្នំបូកគោ៖
1. កាស៊ីណូចាស់
កាស៊ីណូចាស់ ឬ Le Bokor Palace ជាសំណង់អាគារប្រវត្តិសាស្រ្ត ដែលត្រូវបានសាងសង់ឡើងនៅសម័យក្រោមអាណានិគមនិយមបារាំង។ បច្ចុប្បន្ន អាគារមួយនេះកំពុងតែទទួលការអភិរក្ស និងកែលម្អសារជាថ្មី ដើម្បីលើកសោភ័ណ្ឌភាពអោយកាន់តែស្រស់ស្អាតក្នុងរយៈពេលយូរអង្វែង។
2. វត្តសំពៅប្រាំ
វត្តសំពៅប្រាំ គឺជាវត្តអារាមដែលស្ថិតនៅលើកំពូលភ្នំបូកគោ ត្រូវបានសាងសង់ឡើងក្នុងគ.ស១៩២៤។ នៅទីនេះ យើងអាចឃើញថ្មធំៗចំនួន ៥ដុំ ដែលមានរូបរាងប្រៀបដូចនឹងសំពៅ។ បើយើងឈរមើលមកខាងក្រោម យើងនឹងបានឃើញទេសភាពដ៏ស្រស់ស្អាត ជាពិសេសរុក្ខជាតិតូចធំដុះហូរហែពណ៌ខៀវស្រងាត់។
3. ព្រះវិហារកាតូលិកចាស់
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងក្នុងកំឡុងឆ្នាំ១៩២០។ សព្វថ្ងៃទីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរដែលទៅលេងភ្នំបូកគោ។
4. ដំណាក់ស្លាខ្មៅ
ដំណាក់ស្លាខ្មៅ ត្រូវបានសាងសង់ឡើងពីថ្ម និងបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។ សព្វថ្ងៃ ដំណាក់មួយនេះបានក្លាយទៅជាអគារចំណាស់មួយដែលគេនិយមទៅបោះតង់។
5. ដំណាក់ព្រះមុនីវង្ស ឬ ដំណាក់ស្ដេច
ដំណាក់ព្រះមុនីវង្ស ឬ ដំណាក់ស្ដេច គឺជាសំណង់អាគារដ៏មានវ័យចំណាស់ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។ កាលពីមុន ទីនេះជាព្រះរាជដំណាក់របស់ព្រះបាទមុនីវង្ស សម្រាប់សម្រាកកម្សាន្តពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។
6. រូបបដិមាលោកយាយម៉ៅ
រូបបដិមានេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 មានកម្ពស់សរុប 29 ម៉ែត្រ ជាទីកន្លែងដែលប្រជាជនខ្មែរតែងតែគោរពបូជាដោយទៀន ធូប ផ្កា និងផ្លែឈើជាដើម។
7. បឹងលើភ្នំបូកគោ
ជាបឹងមួយកន្លែងដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ។ បឹងមួយនេះអាចផ្ទុកទឹកបានចំនួនកន្លះលានម៉ែត្រគូប។ ចំណុចពិសេសនៅទីនេះគឺមានអាកាសធាតុត្រជាក់ ជាទីកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបោះតង់។
8. វាលស្រែ 100
វាលស្រែ 100 សម្បូរដោយផ្ទាំងថ្មដែលដុះរដិបរដុបខណ្ឌចែកវាលស្មៅដ៏ធំល្វឹងល្វើយ និងជាកន្លែងដែលគេចូលចិត្តទៅលេង និងផ្គុំដុំថ្មជាការកម្សាន្ត។
9. វាលស្រែ 500 (ផ្កាបំពង់ក្រឡោម)
ជាទីកន្លែងមួយដែលសម្បូរដោយផ្កាបំពង់ក្រឡោម មានរូបរាងប្លែកៗ ជាទីទាក់ចិត្តភ្ញៀវទេសចរដែលមកលេង។
10. ទឹកជ្រោះពពកវិល
ទឹកជ្រោះពពកវិល គឺជាទឹកជ្រោះមួយកន្លែងដែលស្ថិតនៅលើភ្នំបូកគោ មានទឹកធ្លាក់ជាដំណាក់ៗ សម្បូរដោយផ្ទាំងថ្មធំៗ និងមានអាហារដ្ឋាននៅទីនេះផងដែរ។
11. ថ្មមុខយក្ស
ថ្មមុខយក្ស គឺជាទីតាំងមួយកន្លែងដែលស្ថិតនៅតាមផ្លូវឡើងទៅលើកំពូលភ្នំ។ ផ្ទាំងថ្មនេះមានរូបរាងស្រដៀងទៅនឹងមុខយក្ស។ ភ្ញៀវទេសចរជាច្រើនចូលចិត្តឈប់នៅទីនោះដើម្បីមើលទិដ្ឋភាពនៃក្រុងកំពតទាំងមូល។
12. ច្រកទ្វារឋានសួគ៌
បើជិះពីវាលស្រែ៥០០ ចម្ងាយប្រមាណ ៨គីឡូម៉ែត្រទៅ គឺនៅខាងស្តាំដៃយើងនឹងឃើញមានផ្លាកដែលបង្ហាញផ្លូវចូលច្រកទ្វារឋានសួគ៌។ នៅទីនោះមានថ្មពីរផ្ទាំងធំៗប្រៀបដូចជាក្លោងទ្វារដ៏អស្ចារ្យ។
13. ចំការស្រ្តបឺរី
ក្រៅពីសំណង់អគារចាស់ៗ និងធម្មជាតិដ៏ស្រស់បំព្រង នៅលើភ្នំបូកគោក៏មានចំការស្រ្តបឺរី ដែលអ្នកទាំងអស់គ្នាគួរតែទៅទស្សនាផងដែរ។ គេអាចដាំស្រ្តបឺរីនេះបានដោយសារតែនៅលើភ្នំមានអាកាសធាតុត្រជាក់ អំណោយផល គួបផ្សំនឹងបច្ចេកទេសនៃការដាំដុះ និងថែទាំ ទើបយើងអាចឃើញវត្តមាននៃដំណាំនេះបាន។
អត្ថបទដោយ៖ ឡុង ថុនី