ភូមិថ្មីកំពត រីសត
អ្នកណាខ្លះកំពុងស្វែងរកកន្លែងស្នាក់នៅកំពត? ពីក្រុមការងារ Visit Kampot សូមណែនាំកន្លែងគេងមួយដែលមានទីតាំងស្ថិតនៅក្នុង រមណីយដ្ឋានភូមិថ្មីកំពត មានចម្ងាយប្រហែលជិត ៥គីឡូម៉ែត្រពីរង្វង់មូលទុរេន។
នៅទីនោះ មានកន្លែងគេងប្រភេទបឹងហ្គាឡូ និងផ្ទះវីឡាឯកជន។ បឹងហ្គាឡូនីមួយៗត្រូវបានសង់ឡើងស្ថិតនៅដាច់ពីគ្នា ខ្ពស់ផុតពីដី មានរានហាលខាងមុខធំល្មម អាចគយគន់ទេសភាពមាត់ព្រែកបាន សាកសមសម្រាប់អ្នកស្នាក់គ្នាតិច។
រីឯផ្ទះវីឡាឯកជនវិញ សង់ឡើងជាផ្ទះឈើដ៏ធំទូលាយ គេងបានគ្នាច្រើន។ ផ្ទះវីឡានេះ គេរចនាឡើងក្នុងទម្រង់បែបផ្ទះខ្មែរបុរាណ មានជាន់ក្រោម និងជាន់លើ។ ក្នុងផ្ទះតាំងលំអដោយគ្រឿងសង្ហារឹមកាលពីជំនាន់មុន មានសាឡុងទទួលភ្ញៀវ កន្លែងអានសៀវភៅ រានហាលខាងមុខធំទូលាយ អាចគយគន់ទេសភាព វាលស្មៅពណ៌បៃតង ដងព្រែក និងជួរភ្នំជាដើម។
ភូមិថ្មីកំពត សាកសមសម្រាប់អ្នកចូលចិត្តកន្លែងគេងបែបស្ងប់ស្ងាត់ ជាប់មាត់ទឹក និងសម្បូរដោយសកម្មភាពកម្សាន្តជាច្រើន។
អត្ថបទដោយ៖ ដែង សុជាតា