តំបន់កម្សាន្ដពេលរាត្រីទាំង 9កន្លែងក្នុងក្រុងកំពត
![](https://www.visitkampot.info/__asset/img/gallery_generate/593_6538e3405929a.jpg)
ពេលខ្លះមកលេងកំពត យប់ឡើងមិនដឹងទៅណាមែនទេ? មកស្គាល់កន្លែងកម្សាន្តទាំង ៩នេះ ដែលអ្នកអាចចំណាយពេលវេលាដ៏រីករាយនាពេលរាត្រីសម្រាប់ដំណើរកម្សាន្តរបស់អ្នកទាំងអស់គ្នា។
1. មាត់ព្រែកកំពត
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/641bdd577f0f6.jpg)
មាត់ព្រែកកំពត គឺជាកន្លែងលំហែកាយដ៏ពេញនិយមមួយដែលបច្ចុប្បន្នមានប្រវែងប្រហែលជិត ៦គីឡូម៉ែត្រ រាប់ចាប់ពីខាងត្បូងស្ពានដែករហូតដល់ឆ្នេរកោះស្មៅ។ មនុស្សម្នាជាច្រើនចូលចិត្តទៅលេងនៅទីនេះ ដោយសារតែបរិយាកាសល្អ ទេសភាពស្អាត និងខ្យល់ដ៏ត្រជាក់។
2. ឆ្នេរកោះស្មៅ
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/63d7a8a93f717.jpg)
ឆ្នេរកោះស្មៅ គឺជាឆ្នេរកម្សាន្តប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត អមដោយដើមស្ងាវដុះជាជួរតម្រៀបគ្នាគួរអោយចង់គយគន់ ជាពិសេសមានកន្លែងលក់អាហារឆ្ងាញ់ៗតាមដងផ្លូវនៅតំបន់នោះផងដែរ។
3. ផ្សាររាត្រីកំពត
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/5efe281aa2a3e.jpg)
ក្រៅពីឆ្នេរ អ្នកទាំងអស់គ្នាក៏អាចដើរលេងកម្សាន្ត ទិញសម្លៀកបំពាក់ និងឥវ៉ាន់នៅ ផ្សាររាត្រីកំពត ផងដែរ។ ផ្សារនេះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពត ក្បែររង្វង់មូលទុរេនតែម្តង។
4. ផ្សារក្រណាត់ចាស់
ផ្សារក្រណាត់ចាស់ គឺជាសំណង់អគារដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមកម្លេ៉ះ។ បច្ចុប្បន្នផ្សារនេះបានក្លាយទៅជាតំបន់កម្សាន្តពេលរាត្រីដែលសម្បូរដោយភោជនីយដ្ឋានបរទេស ម៉ាតលក់ទំនិញ និងស្តង់លក់អាហារសម្រន់ជាច្រើនមុខ មានរសជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។
ទីតាំង៖ https://maps.app.goo.gl/edE1kpEuGTBPMYzT7
5. រង្វង់មូលទុរេន
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/5efe23201a454(1).jpg)
រង្វង់មូលទុរេន គឺជារង្វង់មូលដែលតំណាងអោយខេត្តកំពត។ ភ្ញៀវទេសចរដែលមកលេងកំពត ភាគច្រើនចូលចិត្តមកថតរូបនៅទីនេះ។
6. តាមដងផ្លូវរោងកុន 7មករា
បើយើងធ្វើដំណើរចេញពីរង្វង់មូលទុរេនឆ្ពោះទៅកាន់ស្ពានឥន្ធនូ យើងនឹងបានឆ្លងកាត់ដងផ្លូវមួយដែលសម្បូរដោយអាហារសម្រន់ជាច្រើនប្រភេទ។ ផ្លូវនេះតែងតែមានចរាចរណ៍កុះករ មិនសូវដាច់ ព្រោះជាតំបន់ដែលយើងអាចរកអាហារញុំាបានចាប់ពីពេលល្ងាចរហូតដល់យប់ជ្រៅ។
ទីតាំង៖ https://maps.app.goo.gl/yXDmVp5oAbZRtnce8
7. ស្រះឈូក
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/5efef59010d73.jpg)
ស្រះទឹកនេះគឺជាអតីតប្រភពទឹកស្អាតសម្រាប់ប្រជាជននៅតំបន់នេះប្រើប្រាស់ប្រចាំថ្ងៃកាលពីជំនាន់មុន។ បច្ចុប្បន្ន ស្រះទឹកនេះបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ត្រកាល បន្ទាប់ពីមានការអភិវឌ្ឍន៍ពីអាជ្ញាធរ។ ជារៀងរាល់ល្ងាច គេឃើញមានមនុស្សម្នាជាច្រើន ខ្លះអង្គុយលំហែកាយ ខ្លះដើរហាត់ប្រាណ ខ្លះទៀតលេងកីឡាផ្សេងៗនៅទីនេះ។
8. តំបន់ស្រាក្រឡុក
ក្រៅពីកន្លែងលំហែកាយ នៅកំពតក៏សម្បូរដោយហាងស្រាក្រឡុកផងដែរ។ អ្នកដែលចូលចិត្តស្រាក្រឡុក អាចមកកាន់ តំបន់ស្រាក្រឡុក របស់ខេត្តកំពតដែលមានទីតាំងស្ថិតនៅតាមបណ្តោយមាត់ព្រែកកំពត ម្តុំរូបសំណាក់ព្រះបាទអង្គឌួង។
ទីតាំង៖ https://maps.app.goo.gl/4RDj5weGfsHF7Amo9
9. Club កម្សាន្ត
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/63afac52d7b60.jpg)
សម្រាប់ខេត្តកំពតមិនសូវជាសម្បូរក្លឹបប៉ុន្មានទេ តែអ្នកទាំងអស់គ្នាអាចមកកាន់ Temple Club បានដែលជា Club កម្សាន្តដ៏ពេញនិយមមួយក្នុងខេត្តកំពត ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ។
អត្ថបទដោយ៖ ឡុង ថុនី