...

...

...
...

...

...

...

4.8K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

អំបិលគឺជាផលិតផលមួយដែលមនុស្សត្រូវការជាចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយផ្ទៃដីដែលអំណោយផលដល់ការផលិតអំបិល គឺមានតែនៅតំបន់ជិតសមុទ្រតែប៉ុណ្ណោះ ជាពិសេស គឺខេត្តកំពត និងខេត្តកែប។ 

គេបែងចែកស្រែអំបិលជា ៣ផ្នែក ដោយផ្ទៃខាងលើគេហៅគេស្រែស្ដុកទឹក ផ្ទៃទំនាបបន្ទាប់ទៀតគេហៅថា ស្រែហាលទឹក និងថ្នាលនៅខាងក្រោមគេហៅថាស្រែបណ្ដុះ។ ជាទូទៅ គេអាចផលិតអំបិលបានចន្លោះពីខែតុលា ដល់ខែឧសភា ទៅតាមអាកាសធាតុជាក់ស្តែង។ ក្នុងករណីដែលអាកាសធាតុក្តៅខ្លាំង ទឹកកាន់តែហួត អំបិលក៏ចាប់ផ្តើមដុះកាន់តែលឿន។ 

រីឯរបៀបផលិតអំបិលវិញ ជាដំបូងគេត្រូវបង្ហូរទឹកប្រៃចូលវាលស្រែជាមុនសិន។ បន្ទាប់មកគេបង្ហូរទឹកប្រៃនោះចេញពីស្រែវិញ រួចចាប់ផ្តើមកិនដីអោយស្មើ ហើយបង្ហូរទឹកប្រៃចូលម្តងទៀត។  បន្ទាប់មកទៀត ពេលឡើងក្រាមអំបិល គេត្រូវព្យួរអំបិលអោយផុសចេញពីដី រួចគេប្រមូលអំបិលពូនជាពំនូកៗ ហើយរែកដាក់ក្នុងឃ្លាំងដែលធ្វើឡើងពីឈើឬឬស្សី ដើម្បីកុំអោយអំបិលសើម។ 

ចំពោះក្រាមអំបិលដែលអណ្តែតនៅលើផ្ទៃទឹក គេហៅថាផ្កាអំបិល។ វាមានគ្រាប់ម៉ដ្ឋល្អ និងមានពណ៌សស្គុះ។ រីឯក្រាមដែលនៅក្រោមផ្ទៃទឹក គេហៅថាអំបិលគ្រួស។ ក្នុងករណីដែលគេដួសផ្កាអំបិលមិនទាន់ទេ វានឹងធ្លាក់ទៅក្រោម ហើយក្លាយទៅជាអំបិលគ្រួសតែម្តង។ ផ្កាអំបិលគឺពិបាកប្រមូលផលណាស់ ក្នុងមួយស្រែគេប្រមូលផ្កាអំបិលបានត្រឹមតែ 1 ទៅ 2kg ទេ ហើយគេត្រូវហាលអោយស្ងួតរយៈពេល ៣ថ្ងៃ រួចត្រូវរើសកម្ទេចខ្មៅៗចេញ។ 

ករណីដែលទឹកប្រៃខ្លាំងអំបិលនឹងសស្អាត តែបើទឹកអត់សូវប្រៃ ហើយធ្វើលើដីភក់ អំបិលនឹងមានពណ៌ខ្មៅ។ បើអំបិលមានពណ៌ខ្មៅ គេនឹងយកវាទៅលាងជាមួយទឹកកិញ (ទឹកអូរ) ដែលជាប្រភេទទឹកប្រៃម្យ៉ាងសម្រាប់លាងអំបិលអោយជ្រុះដីអស់ ហើយអត់រលាយ។

បន្ទាប់ពីប្រមូលផលរួចហើយ កសិករចាប់ផ្ដើម បង្ហូរទឹកចេញពីស្រែចង្អិន បញ្ចូលទៅក្នុងស្រែបណ្ដុះដើម្បីបណ្ដុះអំបិលបន្ដទៀត។ គេអាចប្រមូលផលអំបិលបានក្នុងរយៈពេល ៣ ទៅ៤ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក ហើយក្នុងមួយស្រែគេប្រមូលផលបានអំបិលចន្លោះពី ២ ទៅ ៣តោន។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាទីជនបទ