សំណង់អគារវ័យចំណាស់ដែលអ្នកគួរដឹង នៅភ្នំបូកគោ
ក្រៅពីធម្មជាតិដ៏ស្រស់ស្អាត និងអាកាសធាតុត្រជាក់ នៅភ្នំបូកគោក៏មានសំណង់អគារចាស់ៗដ៏គួរអោយចាប់អារម្មណ៍មួយចំនួនដែលមានអាយុកាលជិត១០០ ឆ្នាំមកហើយ។ ចង់ដឹងថាអគារទាំងនោះមានលក្ខណៈពិសេសបែបណាខ្លះ គួរតែទស្សនាយ៉ាងហោចណាស់អោយបានម្តង!
1. កាស៊ីណូចាស់
កាស៊ីណូចាស់ ឬ Le Bokor Palace ត្រូវបានគេស្គាល់ថាជាសំណង់អគារប្រវត្តិសាស្រ្ត ដែលសាងសង់ឡើងនៅសម័យក្រោមអាណានិគមនិយមបារាំង។ បច្ចុប្បន្ន អាគារមួយនេះកំពុងតែទទួលការអភិរក្ស និងកែលម្អសារជាថ្មី ដើម្បីលើកសោភ័ណ្ឌភាពអោយកាន់តែស្រស់ស្អាត។
2. វត្តសំពៅប្រាំ
ក្រៅពីកាស៊ីណូចាស់ វត្តសំពៅប្រាំ គឺជាវត្តអារាមដ៏មានវ័យចំណាស់ស្ថិតនៅលើកំពូលភ្នំបូកគោ។ វត្តនេះសង់ឡើងក្នុងគ.ស ១៩២៤ ដោយព្រះបាទស៊ីសុវត្ថិមុនីវង្ស នៅពេលដែលរាជការបារាំងបានថ្វាយទ្រង់នូវទីកន្លែងមួយសម្រាប់ស្ថាបនា។ សព្វថ្ងៃ វត្តនេះនៅតែដំណើរការធម្មតា និងមានភ្ញៀវទេសចរចេញចូលទស្សនាជាហូរហែ។
3. ដំណាក់ព្រះមុនីវង្ស ឬ ដំណាក់ស្ដេច
ដំណាក់ព្រះមុនីវង្ស ឬ ដំណាក់ស្ដេច គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទមុនីវង្ស សម្រាប់សម្រាកកម្សាន្តពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ រាជការបានកែប្រែព្រះរាជដំណាក់នេះទៅជាអគារសាលាក្រុងបូកគោវិញ។ បច្ចុប្បន្នដំណាក់នេះមានសភាពទទេរស្អាត មានទីតាំងស្ថិតនៅក្បែរអគារកាស៊ីណូចាស់។
4. ដំណាក់ស្លាខ្មៅ
ដំណាក់ស្លាខ្មៅ ត្រូវបានសាងសង់ឡើងពីថ្ម និងបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ1936។ សព្វថ្ងៃ ដំណាក់មួយនេះបានក្លាយទៅជាទីតាំងទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍មួយ ដែលគេចូលចិត្តទៅបោះតង់នៅទីនោះ។ ជាពិសេស នៅក្បែរដំណាក់ស្លាខ្មៅ ក៏មានសំណង់អគារចាស់ៗមួយចំនួនដែលភ្ញៀវទេសចរភាគច្រើនមិនសូវបានដឹង ព្រោះអគារទាំងនោះស្ថិតនៅក្នុងព្រៃ ហ៊ុំព័ទ្ធដោយរុក្ខជាតិតូចធំ និងមានផ្លូវតូចមួយដែលអាចនាំយើងទៅកាន់ទីនោះបាន។
5. ព្រះវិហារកាតូលិកចាស់
ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងក្នុងកំឡុងឆ្នាំ១៩២០ គឺជាព្រះវិហារដែលមានវ័យចំណាស់មួយ។ ភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅថតរូបលេងនៅទីនោះ និងទស្សនាសំណង់អគារនេះយ៉ាងជក់ចិត្ត។
អត្ថបទដោយ៖ ឡុង ថុនី