...

...

...
...

...

...

...

6.2K

គោលដៅទាំង​20កន្លែងក្នុងខេត្តកំពត​ ណែនាំសម្រាប់ដំណើរកម្សាន្ដក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

អំពី

ទំនាក់ទំនង

13/10/2023
គោលដៅទេសចរណ៍ទាំង​ 20កន្លែងក្នុងខេត្តកំពត

ក្រៅពីការធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ខ្មែរយើងតែងតែជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា ដើម្បីសម្រាកលំហែកាយ និងសាងអនុស្សាវរីយ៍ជាមួយគ្នា។ ខាងក្រោមនេះគឺជាគោលដៅទេសចរណ៍ទាំង​ 20កន្លែងក្នុងខេត្តកំពត​ ណែនាំសម្រាប់អ្នកទាំងអស់គ្នាធ្វើដំណើរកម្សាន្ដក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 

1. ឧទ្យានជាតិព្រះមុនីវង្ស បូកគោ

ទីតាំងទេសចរណ៍នៅភ្នំបូកគោ៖ https://www.visitkampot.info/searchResult?f=1&c=41

ភ្នំបូកគោ គឺជាគោលដៅទេសចរណ៍ដ៏វ័យចំណាស់ និងពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមកលេងខេត្តកំពត។ ភ្នំនេះសម្បូរដោយទីតាំងដ៏គួរអោយចាប់អារម្មណ៍ជាច្រើនកន្លែងសម្រាប់ទស្សនា មានទាំងអគារវ័យចំណាស់ ទឹកជ្រោះ វិហារកាតូលិក ចំការស្រ្តបឺរី វាលស្រែ៥០០ និងកន្លែងទេសចរណ៍ជាច្រើនទៀតដែលយើងមិនគួរមើលរំលង។

 

2. ទឹកធ្លាក់តាដា

លម្អិត៖ https://www.visitkampot.info/100/tada-waterfall-resort

ជាទឹកធ្លាក់ដែលមានសម្រស់ស្រស់ស្អាត ថ្លា ត្រជាក់ និងមានពណ៌ខៀវ។ តាមផ្លូវឡើងទៅកាន់ទឹកធ្លាក់នេះ យើងនឹងបានទស្សនាទេសភាពជ្រលងភ្នំនៅអមសងខាង និងចម្ការរបស់អ្នកស្រុកផ្ទាល់។

 

3. សហគមន៍នេសាទកំពង់សាមគ្គី

លម្អិត៖ https://www.visitkampot.info/517/kampong-samaky-community-fishery

នៅទីនេះសម្បូរដោយដើមកោងកាងរាប់សិបហិកតាដុះព័ទ្ធជុំវិញ បង្កើតអោយមានខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិគួរអោយចង់ទៅកម្សាន្ត។ ជាមួយគ្នានេះដែរខាងសហគមន៍ក៏មានសេវាកម្មក្នុងការជួលទូកសម្រាប់ជិះលំហែតាមបណ្តោយមាត់ទឹក មើលថ្ងៃលិច ថតរូបលេង គយគន់ព្រៃកោងកាង និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងផងដែរ។

 

4. ភ្នំកំពង់ត្រាច

លម្អិត៖ https://www.visitkampot.info/88/kampong-trach-mountain

ល្អាងភ្នំកំពង់ត្រាច គឺជាល្អាងភ្នំដ៏ល្បីជាងគេរបស់ខេត្តកំពត។ រមណីយដ្ឋាននេះ គឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ 

 

5. ទឹកធ្លាក់ឱម៉ាល់

លម្អិត៖ https://www.visitkampot.info/102/omal-waterfall

ទឹកធ្លាក់ជ្រោះឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុង។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើងកាន់តែល្អ។ 


6. ភ្នំទឹក

លម្អិត៖ https://www.visitkampot.info/547/terk-mountain

ក្រៅពីល្អាងភ្នំកំពង់ត្រាច ល្អាងភ្នំទឹកគឺជារមណីយដ្ឋានដ៏អស្ចារ្យមួយដែលអ្នកមិនគួរមើលរំលង។ ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្ម រួចបន្តដំណើរដោយថ្មើរជើងចូលទៅល្អាងខាងក្នុង១ដំណាក់កាលទៀត។

 

7. ទឹកធ្លាក់វាលពួច

លម្អិត៖ https://www.visitkampot.info/101/veal-pouch-waterfall

អ្នកណាមិនស្គាល់សម្រស់ទឹកធ្លាក់វាលពួច ដែលជាទឹកធ្លាក់ដ៏ស្រស់ស្អាត ពណ៌ខៀវថ្លា មានកម្ពស់ ២០ម៉ែត្រ ស្ថិតនៅកណ្តាលព្រៃ។ ដើម្បីទៅដល់ទឹកធ្លាក់នេះ យើងត្រូវធ្វើដំណើរដោយថ្មើរជើងតាមផ្លូវអមសងខាងដោយរុក្ខជាតិតូចធំ។

 

8. សហគមន៍នេសាទត្រពាំងសង្កែ

លម្អិត៖ https://www.visitkampot.info/81/trapeang-sangkae-community-fishery-kampot

ចង់ជិះទូក ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះ និងជីវិតបែបសហគមន៍ អាចមកកាន់ សហគមន៍នេសាទត្រពាំងសង្កែ បាន។ នៅទីនេះ អ្នកទាំងអស់គ្នាអាចគយគន់ទេសភាពដើមកោងកាងពណ៌ខៀវស្រងាត់ ដុះលាតសន្ធឹករាប់សិបហិកតា ក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតមួយ។ 

 

9. ភូមិកំពត

លម្អិត៖ https://www.visitkampot.info/733/phum-kampot

អ្នកទាំងអស់គ្នាអាចសាកល្បងមកកាន់ ភូមិកំពត បានដែលជាកន្លែងទេសចរណ៍បែបធម្មជាតិកែច្នៃមួយនៅលើទឹកដីភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែលជិត ៥គីឡូម៉ែត្រពីរង្វង់មូលទុរេន ចាប់បើកពីម៉ោង7ព្រឹក ដល់ម៉ោង11យប់។

 

10. ទំនប់ម្លេច

ទីតាំងទេសចរណ៍នៅទំនប់ម្លេច៖ https://www.visitkampot.info/searchResult?f=1&c=44

ទំនប់​នេះ​ត្រូវបានកសាងឡើង​ក្នុងសម័យ​ខ្មែរក្រហម មានចម្ងាយត្រឹមតែ ៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បច្ចុប្បន្ន តំបន់នេះបានក្លាយទៅជាគោលដៅទេសចរណ៍មួយកន្លែងដែលសម្បូរដោយសកម្មភាពកម្សាន្តជាច្រើនកំពុងរង់ចាំភ្ញៀវទេសចរណ៍។ 

 

11. ទឹកឈូ

អាហារប្រចាំតំបន់នៅទឹកឈូ៖ https://www.visitkampot.info/785/roast-chicken-at-terk-chhu

ទឹកឈូ ជារមណីយដ្ឋានទេសចរណ៍ប្រចាំខេត្តកំពត ដែលគេចូលចិត្តទៅលេងមិនដែលដាច់។ នៅទឹកឈូ គេនិយមញុំាបាយមាន់ដុត ទិញនំស្លឹកចាក និងងូតទឹកលេងជុំគ្នា។ 

 

12. ដូងទេរ

លម្អិត៖ https://www.visitkampot.info/91/daungte-resort

ធ្វើដំណើរកម្សាន្តជាគ្រួសារ អ្នកទាំងអស់គ្នាអាចមកកាន់ដូងទេរបាន។ នៅទីនេះ ក្មេងៗអាចចុះលេងទឹកដែលមានសភាពថ្លា ត្រជាក់ ជម្រៅរាក់ល្មម។ ចាស់ៗអាចអង្គុយលំហែកាយ ទទួលទានអាហារឆ្ងាញ់ៗ និងរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនទៀត។ 

 

13. ឆ្នេរកោះស្មៅ

លម្អិត៖ https://www.visitkampot.info/71/koh-smav-beach

ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។  ឆ្នេរនេះមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ដែលយើងអាចអង្គុយញុំាអាហារបណ្តើរ មើលថ្ងៃលិចបណ្តើរ ពិតជាស្រស់ស្រាយណាស់។

 

14. ចំការម្រេច

លម្អិត៖ https://www.visitkampot.info/85/kampot-pepper

តើអ្នកទាំងអស់គ្នាចង់ទៅទស្សនាចំការម្រេចដែរឬទេ? នៅទីនេះ យើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណាន រៀនធ្វើម្ហូប និងអាចជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា និងសកម្មភាពកម្សាន្តជាច្រើនទៀត។

 

15. ភូមិក្ដាត

លម្អិត៖ https://www.visitkampot.info/searchResult?f=1&c=48

ភូមិក្តាត គឺជាតំបន់ដែលសម្បូរដោយគ្រឿងសមុទ្រស្រស់ៗ ជាពិសេសអយស្ទ័រតែម្តង។ មកលេងកំពត កុំភ្លេចចូលលេងភូមិក្តាតផង។ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​៣ (កំពត-វាលរេញ)។

 

16. ភ្នំវល្លិ៍

តម្លៃសំបុត្រ៖ https://www.visitkampot.info/530/norry-at-phnom-vorl?t=menu

ធ្លាប់ជិះណូរីទេ? បើមិនធ្លាប់ទេ អ្នកទាំងអស់គ្នាអាចមកសាកល្បងបាននៅភ្នំវល្លិ៍។ នៅទីនេះ យើងអាចទិញសំបុត្រជិះណូរី ជិះសេះ ទស្សនាចម្ការ និងកសិដ្ឋានចិញ្ចឹមសត្វ។ 

 

17. ឧទ្យានដងព្រែក

អំពីសកម្មភាពនៅទីនេះ៖ https://www.visitkampot.info/90/river-park

ឧទ្យានដងព្រែក ជាគោលដៅទេសចរណ៍មួយកន្លែងដែលសម្បូរដោយកីឡាលើទឹកជាច្រើនប្រភេទដូចជាការជិះខ្សែរ៉ក ជិះទូកកៃយ៉ាក លេងស្លាយរអិល និងសកម្មភាពកម្សាន្តដទៃទៀត។

 

18. ភ្នំសសៀរ

លម្អិត៖ https://www.visitkampot.info/425/sorsear-mountain

ភ្នំសសៀរ  ជារមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។​ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និងល្អាងប្រចៀវ។ 

 

19. ទំនប់់ប្រទាក់ក្រឡា

លម្អិត៖ https://www.visitkampot.info/84/brateak-krola-lake%E2%80%8B-resort

ជាទំនប់ទឹកដ៏ស្រស់ស្អាត ព័ទ្ធជុំវិញដោយជួរភ្នំ និងវាលស្រែចម្ការរបស់អ្នកស្រុក។ ទីតាំងស្ថិតនៅក្នុង​ទឹកដី​ភូមិ​បុស្ស​ញ៉ិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ភាគ​ខាងកើតនៃ​ទី​រួម​ខេត្តកំពត។

 

20. ដងព្រែកកំពត

លម្អិត៖ https://www.visitkampot.info/69/public-garden-along-the-river

ដងព្រែកដ៏ស្រស់ស្អាតរបស់ខេត្តកំពតគឺជាកន្លែងលំហែកាយដ៏ពេញនិយមទាំងសម្រាប់អ្នកកំពតផ្ទាល់ និងភ្ញៀវទេសចរជិតឆ្ងាយ។ នៅទីនេះ យើងអាចថតរូបលេង ទស្សនាទឹកព្រែក ជួរភ្នំ ទូកទេសចរណ៍ ទូកនេសាទ ស្ពានឥន្ធនូ និងមើលថ្ងៃលិចជាដើម។

 

អត្ថបទដោយ៖ ដែង សុជាតា