...

...

...
...

...

...

...

8.5K

ភ្នំនាងសេដាឱន/ភ្នំក្បាលរមាស

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

រមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស រឺហៅថាភ្នំនាងសេដាឱន គឺជាអតីតស្ថានីយ៍បុរេប្រវត្តិនាសម័យយុគថ្មរំលីង មានអាយុកាលប្រហែលមុនគ្រឹស្កសករាជ ៥០០០ ឆ្នាំមកហើយ។ 

បច្ចុប្បន្ន ភ្នំនេះមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៧គីឡូម៉ែត្រ។ ដើម្បីទៅកាន់ភ្នំក្បាលរមាស ភ្ញៀវទេសចរអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣៣ ទិសដៅពីកំពតទៅកាន់ខេត្តកែប រួចបត់ចូលតាមខ្លោងទ្វាសាលាស្រុកទឹកឈូ ទៅត្រង់រហូតដល់ខ្លោងទ្វាវត្តពោធិ៍ព្រឹក្ស ហៅវត្តតូប រួចចូលតាមខ្លោងទ្វាវត្តនោះប្រហែល ១៥០ម៉ែត្រទៀត។ 

ភ្នំនេះ ជាប្រភេទរូងភ្នំថ្មដែលពោរពេញដោយរឿងរ៉ាវប្រវត្តិសាស្រ្តដ៏គួរអោយចាប់អារម្មណ៍ជាច្រើន។ ពេលចូលទៅដល់ក្នុងរូងភ្នំ យើងនឹងបានឃើញកន្លែងសក្តារៈបូជាមួយដែលរៀបចំឡើងដោយអ្នកស្រុក ដើម្បីលាបំណន់ក្នុងសម័យសង្គ្រាម និងទុកសម្រាប់គោរពបូជាជារៀងរាល់ថ្ងៃសីល។ 

បន្តដំណើរទៅមុខបន្តិចទៀត យើងនឹងបានឃើញស្លាកស្នាមបំណែកប្រាសាទ និងជណ្តើរបាក់បែកដែលបន្សល់ទុកព្រោះសង្គ្រាមកាលពីជំនាន់មុន។

ភ្នំថ្មនេះសម្បូរដោយរូងល្អាងជាច្រើនខ្វាត់ខ្វែង មានច្រកតូចធំ។​ នៅខាងក្នុងមានសភាពងងឹតខ្លាំង និងស្ងប់ស្ងាត់ តែបង្កប់ដោយថ្មប្លែកៗមានសណ្ឋានរដិបរដុបដូចជាសត្វស្វា សត្វដំរី រួមទាំងថ្មផ្លេកៗ រុក្ខជាតិផ្ការាំទឹករាំ សត្វប្រចៀវ ជាពិសេសមានផ្កាថ្ម និងសំបកខ្យងនៅជាប់ជញ្ជាំងតែម្តង។ 

នេះគឺជាភស្តុតាងដ៏សំខាន់មួយ បង្ហាញថាទីនេះគឺជាអតីតកោះដែលព័ទ្ធជុំវិញដោយទឹកសមុទ្រដូចការតំណាលតៗគ្នា។ អ្វីដែលគួរអោយកត់សម្គាល់ គេសង្កេតឃើញមានទឹកស្រក់ជាដំណក់តក់ៗពីលើថ្មចុះមកខាងក្រោម ហើយដំណក់ទឹកនេះក៏បានប្រែក្លាយជាថ្មដុះបន្តិចម្តងៗក្នុងរយៈពេលយ៉ាងយូររាប់ពាន់ឆ្នាំទៅមុខទៀត។ 

ដោយសារតែសក្តានុពលដ៏អំណោយផលនេះហើយ ទើបធ្វើអោយភ្នំថ្មនេះសម្បូរដោយសកម្មភាពកម្សាន្តបែបផ្សងព្រេងជាច្រើនដែលភ្ញៀវទេសចរអាចសាកល្បងបាន។ ដើម្បីភាពងាយស្រួល និងទទួលបានចំណេះដឹងថ្មីៗ អ្នកទាំងអស់គ្នាគួរតែស្វែងរកមគ្គទេសក៍នៅតំបន់នេះផ្ទាល់ ដើម្បីនាំផ្លូវ និងពន្យល់ពីទិដ្ឋភាពក្នុងល្អាងភ្នំយ៉ាងលម្អិតលម្អន់។

ក្រៅពីជាគោលដៅទេសចរណ៍ ភ្នំក្បាលរមាសក៏ជាទីតាំងដ៏មានសារៈសំខាន់មួយកន្លែង សម្រាប់អ្នកបុរាណវិទូ ធ្វើការស្រាវជ្រាវអំពីស្លាកស្នាម របៀបរស់នៅ វប្បធម៌ អរិយធម៌ និងជីវភាពរបស់មនុស្សជំនាន់ដើមផងដែរ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ដើមឈើ
ដំណើរផ្សងព្រេង
ថតរូប
ភ្នំ
ខ្យល់អាកាសបរិសុទ្ធ
លំហែ
ថ្ងៃលិច
ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ទស្សនាទីជនបទ