អបអរសាទរ ខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតព្រឹកនេះ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ នៅតាមបណ្តោយដងព្រែកកំពតយ៉ាងអធិកអធម ទាំងតាមផ្លូវទឹក និងផ្លូវគោក ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា ខេត្តកំពតបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តរភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងអង្គការដៃគូមួយចំនួន៕