នាយិកាប្រតិបត្តិ ក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា បានចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព
បន្ទាប់ពីជំនួបលើកទី២ របស់សហគ្រិនវ័យក្មេង និងអាជីវករខេត្តកំពតកែប កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប បានរៀបចំកម្មវិធីជំនួបលើកទី៣ ក្រោមប្រធានបទ “យុទ្ធសាស្រ្តដឹកនាំក្រុមការងារ និងអាជីវកម្ម៖ គ្រប់គ្រងអំណាច ឬផ្តល់អំណាច?” ។
កម្មវិធីនេះមានការចូលរួមពីវាគ្មិនកិត្តិយស អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) និងលោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ព្រមទាំងសហគ្រិន អាជីវករ និងក្រុមការងារពាក់ព័ន្ធសរុបប្រមាណ ៤០នាក់ នៅរមណីយដ្ឋានកែច្នៃភូមិថ្មីកំពត ក្នុងខេត្តកំពត។
ជាមួយគ្នានេះដែរ វាគ្មិនកិត្តិយសក៏បានធ្វើការចែករំលែកនូវវិធីសាស្រ្តសំខាន់ៗក្នុងការគ្រប់គ្រង និងដឹកនាំក្រុមការងារអោយមានប្រសិទ្ធភាព ដោយផ្តោតទៅលើការធ្វើផែនការការងារ ការរៀបចំរចនាសម្ព័ន្ធ ការដឹកនាំក្រុម ការត្រួតពិនិត្យ និងការផ្តល់អំណាចអោយក្រុមការងារជាដើម។ បន្ថែមពីនេះក៏មានការចែករំលែកនូវគំនិតយោបល់ល្អៗទាក់ទងនឹងការបើកដំណើរការអាជីវកម្មពីសំណាក់ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប និងសហគ្រិនមួយចំនួនផងដែរ។
ទាំងនេះសុទ្ធសឹងតែជាយុទ្ធសាស្រ្តល្អៗសម្រាប់ជាគំនិតក្នុងការគ្រប់គ្រង និងដឹកនាំអាជីវកម្មមួយអោយទទួលបានលទ្ធផលល្អ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ អ្នកស្រី នុត ក្លារ៉ា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវវិធីសាស្ត្រក្នុងការគ្រប់គ្រងល្អៗដល់សហគ្រិនក្នុងខេត្តកំពត-កែប ។ យើងខ្ញុំសង្ឃឹមថានឹងមានជំនួបជួបជុំចែករំលែកចំណេះដឹងបែបនេះបន្តទៀតដើម្បីអភិវឌ្ឍសហគ្រិនភាពនៅកំពត-កែបអោយកាន់តែរីកចម្រើនថែមទៀត។