សាលារៀនមួយចំនួនក្នុងខេត្តកំពតកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មី ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ជាក់ស្តែង គេសង្កេតឃើញថានៅតាមសាលារៀនមួយចំនួនក្នុងខេត្តកំពតបាន និងកំពុងតែរៀបចំប្រារព្ធកម្មពិធីសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងអធិកអធម។
ក្នុងនោះមានទាំងការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ ការរាំលេងកម្សាន្ត និងការរៀបចំស្តង់ម្ហូបអាហារជាដើម។ នេះគឺជាសកម្មភាពដ៏ល្អមួយដែលយើងអាចថែរក្សាទំនៀមទម្លាប់ និងល្បែងប្រជាប្រិយខ្មែរអោយនៅស្ថិតស្ថេរបានយូរអង្វែងតដល់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ "កំពតសង្ក្រាន្ត" ឆ្នាំ២០២៤ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧។
ក្នុងនោះនឹងមានកម្មវិធីកម្សាន្តជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ការបាញ់ទឹករាំកម្សាន្ត (នៅរង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូនទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងតាមរមណីយដ្ឋាននានាក្នុងខេត្តផងដែរ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយអោយបានច្រើនកុះករ និងថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។