លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកចំណេះដឹងអំពីប្រធានបទ “រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង”
“រកស៊ីចូលហ៊ុនគ្នា ឬម្នាក់ឯងស្រួលជាង?” គឺជាប្រធានបទដ៏គួរអោយចាប់អារម្មណ៍មួយដែលលោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានលើកយកមកអធិប្បាយក្នុងកម្មវិធីជំនួបលើកទី៥ របស់សមាគមសហគ្រិនវ័យក្មេង និងអាជីវករខេត្តកំពតកែប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅ Amaya Kampot Homestays។
ជាការពិតណាស់ ការចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយតម្រូវអោយយើងមានការគិតគូរលម្អិត និងធ្វើការសម្រេចចិត្តអោយបានច្បាស់លាស់ជាមុនសិន។ ក្នុងនោះ អ្នករកស៊ីមួយចំនួនបានចាប់ផ្តើមមុខរបររបស់ខ្លួនដោយចូលហ៊ុនគ្នា រីឯអ្នកខ្លះទៀតចាប់ផ្តើមតែម្នាក់ឯង។ តើការចាប់ផ្តើមទាំងពីរនេះមានលក្ខណៈដូចម្តេចខ្លះ?
ឆ្លើយតបទៅនឹងប្រធានបទខាងលើ វាគ្មិនកិត្តិយស លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ បានចែករំលែកពីបុគ្គលិកលក្ខណៈរបស់បុគ្គលដែលមានទំនោររកស៊ីចូលហ៊ុនគ្នា គឺជាបុគ្គលដែលមានអត្តចរិករួសរាយ ចូលចិត្តកសាងបណ្តាញទំនាក់ទំនងក្នុងសង្គម រីឯបុគ្គលដែលមានទំនោររកស៊ីតែម្នាក់ឯងច្រើនជាមនុស្សដែលមិនសូវចូលចិត្តសាងទំនាក់ទំនងក្នុងសង្គម។
ក្រៅពីនេះ លោកក៏បានចែករំលែកពីធាតុផ្សំសំខាន់ៗរបស់អ្នកដែលអាចរកសុីចូលហ៊ុនគ្នាផងដែរដែលធាតុផ្សំទាំងនោះរួមមានដូចជា ត្រូវមានទំនោរចិត្តដូចគ្នា មានភាពច្បាស់លាស់ទាំងការងារ តួនាទី សិទ្ធអំណាច ការសម្រេចចិត្ត តម្លាភាពហិរញ្ញវត្ថុ និងកត្តាមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថាសមាគមសហគ្រិនវ័យក្មេងសាខាកំពត-កែបតែងតែរៀបចំកម្មវិធីជួបជុំចែករំលែកបទពិសោធន៍ពីការធ្វើអាជីវកម្មដល់អាជីវករនៅខេត្តកំពត-កែប។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែបដែលបានរៀបចំកម្មវិធីនេះឡើង និងសូមថ្លែងអំណរគុណដល់ លោក ជី សិលា ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើការចែករំលែកនូវចំណេះដឹងល្អៗទាក់ទងនឹងការធ្វើជំនួញផងដែរ៕