ត្នោតខ្មែរ
បើនិយាយពីដើមត្នោត អ្នកណាក៏ស្គាល់ដែរ ជាពិសេសអ្នកដែលរស់នៅតាមជនបទស្រុកស្រែចម្ការ។ ជាទូទៅ គេតែងតែប្រទះឃើញដើមត្នោតដ៏ខ្ពស់ស្រឡះដុះនៅតាមភ្លឺស្រែ និងតាមភូមិអ្នកស្រុក។ ដើមត្នោត ជារុក្ខជាតិតំណាងអោយអត្តសញ្ញាណជាតិខ្មែរដែលមានទំនាក់ទំនងយ៉ាងជិតស្និទក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ព្រោះតែអត្ថប្រយោជន៍ជាច្រើនយ៉ាងរៀបរាប់ស្ទើរមិនអស់។
ក្នុងនោះដើមត្នោតគេអាចយកទៅប្រើធ្វើជាទូក ស្លឹកត្នោតគេយកទៅធ្វើជាផ្លិត មួក និងច្នៃប្រក់ដំបូលផ្ទះ ផ្លែត្នោតគេយកទៅធ្វើបង្អែម ធ្វើនំ គមត្នោតគេយកទៅស្លធ្វើជាសម្ល និងជាពិសេសទឹកត្នោតគេអាចយកវាទៅធ្វើជាស្ករត្នោត ទឹកត្នោតផ្អែម ទឹកត្នោតជូរ និងទឹកខ្មេះជាដើម។
យ៉ាងណាមិញ នៅខេត្តកំពតក៏ល្បីឈ្មោះខាងធ្វើស្ករត្នោតធម្មជាតិមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ក្នុងនោះ គេសង្កេតឃើញមានការធ្វើស្ករត្នោតនៅតាមផ្ទះអ្នកភូមិមួយចំនួនក្នុងភូមិតាអង្គ ភូមិកំពង់គ្រែង ភូមិស្វាយធំ និងនៅតាមភូមិមួយចំនួនទៀតក្នុងខេត្តកំពត។ ចំពោះការធ្វើស្ករត្នោតនេះ គេយកទឹកត្នោតផ្អែមដែលគេគៀបចេញពីផ្កាត្នោតមកចាក់ដាក់ក្នុងខ្ទះត្នោត និងដុតភ្លើងអោយមានកម្តៅ រួចកូររំងាស់វារហូតដល់គោកទើបក្លាយទៅជាស្ករត្នោត។ ជាទូទៅ គេត្រូវចំណាយពេលកូរ២ទៅ៣ម៉ោង ដោយទឹកត្នោតកន្លះខ្ទះគេអាចទទួលបានស្ករត្នោត ៤គីឡូ បើទឹកត្នោតជិតពេញមួយខ្ទះ គេទទួលបានស្ករត្នោតជិត ១០គីឡូ។
ក្រៅពីរំងាស់ជាស្ករត្នោត គេក៏អាចយកទឹកត្នោតផ្អែមមកទទួលទានបានដែរ។ យោងតាមអ្នកយកត្នោតបានអោយដឹងថាទឹកត្នោតចាប់ផ្តើមមាននៅខែតុលា ហើយច្រើនសម្បូរចាប់ពីខែធ្នូដល់ខែកុម្ភៈ។ ដើម្បីធ្វើអោយទឹកត្នោតកាន់តែមានក្លិនឈ្ងុយ គេច្រើនប្រើដើមពពេលដាក់ត្រាំក្នុងទឹកត្នោត។
មិនត្រឹមតែអាចទទួលទានទឹកត្នោតផ្អែម និងរំងាស់ធ្វើជាស្ករត្នោតប៉ុណ្ណោះទេ គេក៏អាចយកទឹកត្នោតទៅធ្វើជាទឹកត្នោតជូរផងដែរ។ ជាក់ស្តែងក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ខេត្តកំពត ក៏មានកន្លែងលក់ទឹកត្នោតជូរជាមួយនឹងគ្រឿងក្លែមច្រើនមុខដែលទទួលបានការគាំទ្រជាហូរហែរ។ សម្រាប់ទឹកត្នោតជូរគេបើកលក់ចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង៩យប់។
អត្ថបទដោយ៖ ដែង សុជាតា