នឹកកំពតប៊ូទិក
សូមស្វាគមន៍មកកាន់ នឹកកំពត ប៊ូទិច - Nirk Kampot Boutique ដែលជាប៊ូទិកមួយកន្លែងទើបនឹងបើកថ្មីក្នុងទឹកដីខេត្តកំពត មានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយត្រឹមតែ៨០០ម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់)។
នៅទីនេះមានកន្លែងគេងជាប្រភេទបន្ទប់បឹងហ្គាឡូដ៏ស្រស់ស្អាតសង់ឡើងស្ថិតនៅដាច់ដោយឡែកពីគ្នា។ បើនិយាយពីក្នុងបន្ទប់គេងវិញមានសភាពធំល្មម និងមានគ្រឿងបរិក្ខារប្រើប្រាស់ថ្មីៗ ជាពិសេសបន្ទប់ស្អាត មានសណ្តាប់ធ្នាប់ តុបតែងឡើងបែបសម័យទំនើប។ បន្ទប់នីមួយៗសុទ្ធសឹងតែមានជញ្ជាំងកញ្ចក់ដ៏ធំ ដោយគ្រាន់តែអ្នកទាំងអស់គ្នាបើកវាំងននចេញ នោះយើងនឹងបានឃើញទេសភាពនៅទីធ្លាខាងក្រៅយ៉ាងស្រស់ស្អាត និងទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់។
រីឯទីធ្លាខាងក្រៅវិញមានសភាពធំទូលាយ បរិយាកាសល្អ ស្រស់ស្រាយ មានអាងហែលទឹកធំ និងមានកន្លែងញុាំអាហារជួបជុំក្រុមគ្រួសារយ៉ាងរីករាយ។ លើសពីនេះ ខាងប៊ូទិកក៏បានរៀបចំដេគ័រទីធ្លាប្រកបដោយភាពច្នៃប្រឌិត មានសួនច្បារ និងរុក្ខជាតិបៃតងផងដែរ។
អត្ថបទដោយ៖ ដែង សុជាតា