យុវជនខេត្តកំពតមួយរូបជាប់ជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024
យុវជន ស៊ូ ម៉េងហុង កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៧ មានតួនាទីជាខ្សែប្រយុទ្ធ។ កីឡាកររូបនេះជាអតីតកីឡាករនៃសាលាបាល់ទាត់តម្រង់ទិសខេត្តកំពតអាយុក្រោម១៥ឆ្នាំំ បានធ្វើតេស្តជាប់សាលាបាល់ទាត់ជាតិបាទីកាលពីដើមឆ្នាំ២០២១ និងបានហ្វឹកហាត់នៅទីនោះគិតមកដល់ពេលនេះអស់រយៈពេល៣ឆ្នាំមកហើយ។
យុវជន ស៊ូ ម៉េងហុង បានបង្ហាញខ្លួនអោយជម្រើសជាតិកម្ពុជាច្រើនដងរួចមកហើយ និងបានសុតបញ្ចូលទី២គ្រាប់ជូនជម្រើសជាតិកម្ពុជាក្នុងជំនួបជាមួយប្រទេសអូស្រ្តាលី ក្នុងពានរង្វាន់ AFF U16 Championship 2022នៅឥណ្ឌូនេស៊ី។ នេះជាពេលសារថ្មីម្តងទៀតដែល ស៊ូ ម៉េងហុង ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សង្ឃឹមថានឹងធ្វើបានល្អដូចការប្រកួតកាលពី២ឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា កីឡាករ ស៊ូ ម៉េងហុង ជាអតីតសិស្សសាលាកំពតក្រុង និងជាយុវជនកើតចេញពីការបណ្តុះបណ្តាលចេញពីថ្នាលយុវជនរបស់សាលាតម្រង់ទិសខេត្តកំពត។ នេះជាមោទនភាពមួយសម្រាប់ខេត្តកំពតដែលមានកីឡាករល្អកើតចេញពីថ្នាលយុជនបានជាប់នៅក្លឹបអាជីព និងមានឱកាសចូលរួមជាមួយជម្រើសជាតិកម្ពុជា។
ថ្វីដ្បិតតែសាលាតម្រង់ទិសខេត្តកំពតមិនទាន់ជោគជ័យក្នុងពានរង្វាន់ជើងឯកយុវជន ប៉ុន្តែនេះជាការជោគជ័យមួយដ៏ធំសំរាប់សាលាតម្រង់ទិសខេត្តកំពតដែលបានដុសខាត់យុវជនអោយមានសមត្ថភាពជាធនធានជួយដល់វិស័យបាល់ទាត់កម្ពុជា។ សូមជូនពរប្អូនបានបង្ហាញខ្លួនលើឆាកអន្តរជាតិ និងបន្តជាប់ជាជម្រើសជាតិឈុតធំ និងសង្ឃឹមថាប្អូននឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងដើម្បីជួយលើកមុខមាត់ប្រទេសយើងលើឆាកអន្តរជាតិ។
អត្ថបទដោយ៖ Les Fert