កែបថ្មី ជាតំបន់អភិវឌ្ឍដ៏មានសក្ដានុពលរបស់ខេត្តកំពតដែលបច្ចុប្បន្នស្ថិតក្រោមគម្រោងធំៗជាច្រើនរួមមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងគម្រោង រៀបចំជាឆ្នេរសិប្បនិម្មិតទៀតផង។ កែបថ្មីមានទីតាំងស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត មានចម្ងាយ៨គីឡូម៉ែត្រពីក្រុងកំពត។
អ្នកទេសចរអាចធ្វើដំណើរដោយមធ្យោបាយច្រើនប្រភេទដូចជារថយន្ត ម៉ូតូ ម៉ូតូទឹក ឬ ទូកក៏បាន តែនៅរដូវវស្សាសភាពផ្លូវអាចមានការលំបាកបន្តិច។ ភ្ញៀវទេសចរភាគច្រើនជ្រើសយកកែបថ្មីជាទីកន្លែងសម្រាកចុងសប្ដាហ៍សំរាប់ធ្វើការបោះតង់ អាំងសាច់ជួបជុំគ្នាព្រោះវាមានឆ្នេរខ្សាច់សក្បុស ផ្ទៃសមុទ្រធំល្វឹងល្វើយ ទឹកសមុទ្រខៀវថ្លា និងអាចមើលឃើញកោះពីចម្ងាយថែមទៀត។ បន្ថែមពីនេះ ភ្ញៀវទេសចរក៏អាចចូលទៅលេងសហគមន៍នេសាទកែបថ្មី ជិះទូកមើលដើមកោងកាង និងជួយទិញគ្រឿងសមុទ្រស្រស់ៗដែលនេសាទបានពីប្រជាជននៅតំបន់នោះផ្ទាល់។
កម្លាំងខ្យល់នៅទីនោះមានអំណោយផលល្អខ្លាំងណាស់ដល់ការលេងកីឡាមួយប្រភេទហៅថាជិះខ្លែងលើទឹក (Kiteboarding) ពីខែធ្នូដល់ខែកុម្ភៈ។ ប្រសិនបើអ្នកមានគម្រោងនឹងទៅបោះតង់នៅទីនោះ អ្នកគួរត្រៀមនូវសម្ភារៈសំខាន់ៗដាក់តាមខ្លួនមួយចំនួនដូចជា ពិល ថ្មសាកទូរស័ព្ទ ថ្នាំសង្កូវ សម្ភារៈធ្វើម្ហូប ខោអាវដែលមានលក្ខណៈជិតៗ និងគួរទៅគ្នាច្រើនព្រោះវាជាតំបន់ដាច់ស្រយាលពីភូមិអ្នកស្រុក។
អត្ថបទដោយ៖ សំណាង សុខអារីយ៉ា



















